បេក្ខនារី Miss Earth របស់ហ្វីលីពីន បានធ្វើឱ្យមានការខឹងសម្បារ ពេលនិយាយថា ប្រធានាធិបតី Rodrigo Duterte ធ្វើសកម្មភាពដូចទៅនឹងមេដឹកនាំណាស៊ី Adolf Hitler។

នៅក្នុងវីដេអូមួយនៅលើ Facebook កាលពីថ្ងៃទី ១០តុលា តំណាងនៃសម្រស់របស់ហ្វីលីពីន Imelda Bautista Schweighart ជជែកគ្នាជាមួយគូប្រជែងមកពីអូទ្រីស Kimberly Budinsky ខណៈដែលអ្នកទាំងពីរកំពុងចូលរួមប្រកួតបវរកញ្ញា Miss Earth ឆ្នាំ ២០១៦ នៅម៉ានីឡា។

/

Imelda Bautista Schweighart (ខាងស្ដាំបង្អស់)

Schweighart បានសួរថា “តើ ហ៊ីត្លែរ ជាជនជាតិអូទ្រីស?” Budinsky សំដែងការមិនសប្បាយចិត្ត ហើយឆ្លើយថា “នេះគឺជាសំនួរមិនល្អមួយ ព្រោះយើងខ្ញុំមិនចង់រំលឹកដល់ហ៊ីត្លែរ។ ប៉ុន្តែ ពិតណាស់ គាត់គឺជាជនជាតិអូទ្រីស”។

ជាងនេះ Schweighart បានរុញច្រានការជជែកគ្នានេះ ធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ នៅពេលប្រៀបធៀបប្រធានាធិបតីហ្វីលីពីន Duterte ទៅនឹងមេដឹកនាំណាស៊ី។

នាង Schweighart បាននិយាយថា “ឱព្រះអើយ ប្រធានាធិបតីរបស់យើងកំពុងប្រព្រឹត្តិដូចហ៊ីត្លែរនៅហ្វីលីពីន”។

នាង Kimberly បានឆ្លើយតបមុនពេលវីដេអូបញ្ចប់ថា “ពិតជាឆ្កួតមែន”។

វីដេអូខាងលើបានទាក់ទាញមនុស្សចូលមើលច្រើនជាង ៤០០.០០០លើក ហើយបានធ្វើឱ្យបវរកញ្ញាហ្វីលីពីន ប្រឈមទៅនឹងការរិះគន់យ៉ាងខ្លាំងក្លា។ មនុស្សម្នាក់បាននិយាយថា “ពិតមែនឬ? នាងមិនសមធ្វើជាអ្នកតំណាងសម្រាប់ប្រទេសយើងនោះទេ។ នាងពិតជាគួរឱ្យខ្មាស់អៀនខ្លាំងណាស់”។

ហ៊ីត្លែរ កើតនៅក្នុងប្រទេសអូទ្រីស ឆ្នាំ ១៨៨៩ និងបានទៅរស់នៅក្នុងក្រុង Munich អាល្លឺម៉ង់ ១៩១៣។ កាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានគេថ្កោលទោស នៅពេលលើកឡើងអំពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ខ្លួន បណ្ដាលឱ្យមានមនុស្សស្លាប់ជាង ៣.០០០នាក់ ថាដូចទៅនឹងអំពើសម្លាប់រង្គាលជនជាតិជីហ្វរបស់ហ៊ីត្លែរ។

ប្រធានាធិបតីហ្វីលីពីន ក្រោយមក បានធ្វើការសុំទោស ដល់ជនជាតិជីហ្វ ហើយបានឱ្យដឹងថា ខ្លួនមិនមានបំណងរំលឹកអំពីរឿងអាក្រក់នេះនោះទេ។

/Imelda Bautista Schweighart ពេល​គ្រងមកុដបវរកញ្ញា Miss Earth របស់ហ្វីលីពីន

វីដេអូខាងលើ បច្ចុប្បន្ន ត្រូវបានលុបចេញពី Facebook របស់ Schweighart ហើយស្រីស្អាតនេះក៏បានសុំទោសជាសាធារណៈនូវអ្វីដែលខ្លួនបាននិយាយ។ នាង Schweighart បានឱ្យដឹងថា ខ្លួនគាំទ្រលោក Duterte និងមានអារម្មណ៍ស្រឡះខ្លួនពេលបាននិយាយអំពីហ៊ីត្លែរជាមួយ Kimberlyព្រោះខ្លួនមានឈាមជ័រពាក់កណ្ដាលជាជនជាតិអូទ្រីស។ ប្រការនេះ បានធ្វើឱ្យនាងតែងតែត្រូវបានមិត្តភ័ក្ដិបង្អាប់ថាជា “ហ៊ីត្លែរ”។

ប្រែសម្រួល ៖ តារាប្រភព ៖ dailymail