មនុស្សប្រមាណជា ៤.០០០នាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងក្រុងបាងកក ដើម្បីបង្ហាញការប្រឆាំងចំពោះការលើកលែងទោសផ្នែកនយោបាយ ដែលត្រូវបានគេមើលឃើញថាជាវិធីបើកផ្លូវអោយអតីតនាយករដ្ឋមន្ដ្រី ថាកស៊ីនស៊ីណាវ៉ាត្រា បានចូលមកប្រទេសវិញ។

width=480

បាតុករប្រឆាំងនឹងការលើកលែងទោសអោយលោកថាកស៊ីន

កាលពីថ្ងៃទី ៣០ឧសភា ក្រុមបាតុករអាវលឿង បានប្រមូលផ្ដុំគ្នានៅខាងក្រៅវិមានរដ្ឋសភាថៃ អំពាវនាវអោយរាជរដ្ឋាភិបាលរបស់លោកស្រី យ៉ីងឡាក់ ពន្យាពេលការអនុម័តលើសេចក្ដីព្រាងច្បាប់ផ្សះផ្សាជាតិ។

គណបក្ស ភឿថៃ បានថ្លែងថា សេចក្ដីព្រាងច្បាប់នេះនឹងជម្រុញអោយមានការផ្សះផ្សាជាតិដែលអនុញ្ញាតអោយមានការលើកលែងទោសដល់អ្នកទោសនយោបាយក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ។ ប៉ុន្ដែ ក្រុមបាតុករបានអោយដឹងថា ពួកគេមានការព្រួយបារម្ភថា សេចក្ដីព្រាងច្បាប់នេះនឹងធ្វើអោយវិស័យច្បាប់របស់ថៃត្រូវធ្លាក់ចុះ។ ចំណែកក្រុម PDA ក៏បានចូលរួមក្នុងការបញ្ចេញមតិ បើទោះជាពួកគេបានចំណេញពីសេចក្ដីព្រាងច្បាប់នេះ ដោយសារតែមានជាប់ទាក់ទឹននឹងការ​បិទព្រលានយន្ដហោះអន្ដរជាតិបាងកក កាលពីឆ្នាំ ២០០៨។

VOA ដកស្រង់សំដីបាតុករម្នាក់អោយដឹងថា ៖ សេចក្ដីព្រៀងច្បាប់ផ្សះផ្សាជាតិនេះនឹងជួយអោយលោក ថាកស៊ីន និងអាជ្ញាធរលោកថាកស៊ីន បានវិលមកវិញ ដូច្នេះយើងត្រូវតែរារាំងបញ្ហានេះ។

គួររំឭកថា ក្រុមអាវលឿងបានចោទប្រកាន់អតីតនាយករដ្ឋមន្ដ្រី ថាកស៊ីន អំពីអំពើពុករលួយនិងប្រើប្រាស់អំណាចខុសច្បាប់អស់រយៈពេល ៥ឆ្នាំនៃការកាន់អំណាច។ ឆ្នាំ ២០០៨ តុលាការមួយបានកាត់ទោសអោយលោកជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទអំពើពុករលួយ ប៉ុន្ដែលោកថាកស៊ីន បាននិរទេសខ្លួនទៅនៅក្រៅស្រុក។ បច្ចុប្បន្ន លោកកំពុងរស់នៅក្នុងក្រុង Dubai(UAE)។ កាលពីចុងឆ្នាំ ២០១១ លោកថាកស៊ីនត្រូវបានគេអនុញ្ញាតអោយធ្វើអត្តសញ្ញាណប័ណ្ណនៅប្រទេសថៃឡើងវិញ។

ក្រុមអ្នកវិភាគនិយាយថា ការព្យាយាមនាំលោកថាកស៊ីនចូលស្រុក អាចនឹងធ្វើអោយកើតមានអស្ថេរភាពនយោបាយថ្មីទៀតនៅប្រទេសថៃ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE