អ្នកស្រលាញ់វិស័យតារាសាស្ដ្រនៅអង់គ្លេស ទើបតែបានទស្សនាទិដ្ឋភាពភពសុក្រ (Venus) បញ្ចេញពន្លឺ និងតម្រៀបគ្នាជាជួរ ជាមួយនឹងព្រះចន្ទ និងភពព្រះអង្គារ នៅលើអាកាសនាពេលរាត្រី នេះបើតាមទំព័រ Mirror។

/

ភពសុក្រ ព្រះចន្ទ និង​ភព​ព្រះអង្គារ តម្រៀបគ្នាជាជួរ

ក្នុងបណ្ដារូបថតដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម គេឃើញថា ភពសុក្រ បង្ហាញខ្លួនយ៉ាងច្បាស់ និងមានពន្លឺខ្លាំងស្ថិតនៅខាងស្ដាំព្រះចន្ទ។ ចំណែកភពព្រះអង្គារ ស្ថិតនៅខាងឆ្វេងព្រះចន្ទ ជាមួយនឹងពន្លឺស្រទន់ជាងភពសុក្រ។

Vince Lee អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ សរសេរថា ៖ “ផ្ទៃមេឃគ្មានពពកនៅ Manchester នៅពេលភពអង្គារ ព្រះចន្ទ និងភពសុក្រ តម្រៀបគ្នាជាជួរ”។

ភពសុក្រ គឺភពទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ។ ផ្ទៃខាងលើរបស់ភពនេះ គ្របដណ្ដប់ដោយស្រទាប់ពពកដ៏ក្រាស់ ដែលមានផ្ទុកអាស៊ីត sulfuric ។

យោងតាម EarthSky ខែមករាគឺជាពេលវេលាដែលល្អបំផុតសម្រាប់អ្នកតារាសាស្ដ្រ ក្នុងការពិនិត្យមើលតារានៅលើមេឃ។ អ្នករាល់គ្នាអាចមើលឃើញភពសុក្រ និងភពព្រះអង្គារ នៅពេលមើលទៅទិសខាងលិច ពេលព្រះអាទិត្យអស្ដង្គត។ ចំណែកភពផ្សេងចំនួនបីទៀត នោះគឺ ភពព្រហស្បតិ៍ ភពពុធ និងភពសៅរ៍ (Jupiter, Mercury and Saturn) ក៏បង្ហាញខ្លួនយ៉ាងច្បាស់នៅប៉ុន្មានម៉ោងមុនព្រះអាទិត្យរះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror