តម្លៃ ៥សែនដុល្លារ/ម្នាក់ គឺស្មើនឹង ១% នៃតម្លៃដែល NASA ត្រូវចំណាយដើម្បីបញ្ជូនអវកាសចរម្នាក់​ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយកាំជ្រួច Soyuz របស់រុស្ស៊ី។

/

មហាសេដ្ឋី Elon Musk

ក្ដីស្រមៃនៃការឡើងទៅកាន់ភពព្រះអង្គាររបស់មនុស្សលោក គឺជាមូលហេតុផ្លូវការ ដែលនាំឱ្យមាន សកម្មភាពជាក់ស្ដែងដើម្បីស្រាវជ្រាវអំពីភពក្រហមនេះ។ យ៉ាងនេះក្ដី បើទោះគេធ្វើបាន សម្រេចក្នុងការបញ្ជូនមនុស្សឡើងទៅរស់នៅលើភពព្រះអង្គារក្ដី តែតម្លៃរបស់វាក៏មិនមែនថោកនោះដែរ។ មហាសេដ្ឋី Elon Musk បានថ្លែងថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ យានអវកាស SpaceX នឹងមានលិទ្ធភាពនាំមនុស្ស ១លាននាក់ឡើងទៅភពព្រះអង្គារ ដោយក្នុងម្នាក់ៗ​ត្រូវចំណាយប្រហែលកន្លះលានដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ មហាសេដ្ឋី Elon Musk ទទួលស្គាល់ថា បណ្ដាសំបុត្រដំបូងៗ នឹងមិនមានតម្លៃថោកនោះដែរ ហើយគេត្រូវប្រើពេលច្រើនដើម្បីឱ្យតម្លៃសំបុត្រចុះមកនៅត្រឹម កន្លះលានដុល្លារអាមេរិក។ CEO របស់ SpaceX និយាយថា ដើម្បីធ្វើឱ្យតម្លៃសំបុត្រចុះថោក គឺមិនត្រឹមតែ​ស្ថិតនៅលើតែការដែលយានអវកាសអាចចាក់ប្រេងនៅភពអង្គារនោះទេ តែ វាក៏ទាក់ទិននឹងការដែលយានអវកាសអាចប្រើបានច្រើនដង ដូចទៅនឹងយន្តហោះធម្មតា។

Elon Musk បន្ថែមថា បើសិនយើងគិតថា តម្លៃកន្លះលានដុល្លារ វាថ្លៃ ដូច្នេះលោកនឹងលើកយកឧទាហរណ៍ជាក់ស្ដែងមកនិយាយ ៖ តាមពិតតម្លៃនេះ គឺស្មើនឹង ១% នៃតម្លៃដែល NASA ត្រូវចំណាយដើម្បីបញ្ជូនអវកាសចរម្នាក់​ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយកាំជ្រួច Soyuz របស់រុស្ស៊ី។

/

យានអវកាស កំពុងត្រូវបានគេអភិវឌ្ឍ និងសាកល្បងជាបន្តបន្ទាប់ ដើម្បីអាចនាំមនុស្សទៅកាន់ភពអង្គារ

ប៉ុន្តែ កាំជ្រួច Soyuz របស់រុស្ស៊ី ត្រូវបានគេមើលឃើញថា មានបទពិសោធ និងសុវត្ថិភាពច្រើនជាង បើប្រៀបធៀបនឹងកាំជ្រួច Falcon របស់ SpaceX ហើយនេះគឺជាបញ្ហាដែល Elon Musk ត្រូវដោះស្រាយ។

សូមរំលឹកថា SpaceX គឺជាក្រុមហ៊ុនឯកជនមួយដែលធ្វើសកម្មភាពដឹកជញ្ជូនក្នុងអវកាស ដែលមានមូលដ្ឋាននៅ Hawthorne, California អាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០២ ដោយមហាសេដ្ឋី Elon Musk ស្ថាបនិកម្នាក់របស់ក្រុមហ៊ុន PayPal។ ក្រុមហ៊ុន SpaceX បានអភិវឌ្ឍកាំជ្រួច Falcon 1 និង Falcon 9 បំណងធ្វើឱ្យកាំជ្រួចនេះអាចត្រូវបានយកមកប្រើប្រាស់ឡើងវិញច្រើនដង។ ក្រុមហ៊ុននេះ ក៏បានអភិវឌ្ឍយានអវកាស Dragon ដែលរុញច្រានឡើងទៅលំហអាកាសដោយកាំជ្រួច Falcon 9។

ក្រៅពី SpaceX ក៏កិច្ចសន្យាជាច្រើនទាក់ទិននឹងការបាញ់បង្ហោះយានអវកាស ក្នុងនោះមានកិច្ចដសន្យាជាមួយ NASA យោធាអាមេរិកក្រុមហ៊ុនឯកជន និងបណ្ដារដ្ឋាភិបាលនានាផងដែរ។ ក្រុមហ៊ុននេះ ក៏ធ្លាប់បានបាញ់បង្ហោះផ្កាយរណបរបស់អតិថិជន ទៅលំហអាកាសកាលពីឆ្នាំ ២០០៩ ។ល។

/

រូបភាពស្ដីអំពីមូលដ្ឋានមួយរបស់មនុស្ស នៅលើភពព្រះអង្គារ

បណ្ដាគម្រោងអនាគត កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ក្នុងនោះរួមមានទាំងការអភិវឌ្ឍកាំជ្រួច Falcon Heavy ក៏ដូចជាគម្រោងបញ្ជូនមនុស្សយន្តរបស់ NASA ឡើងទៅកាន់ភពព្រះអង្គារ នាឆ្នាំ ២០១៨៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ outerplaces/Wired