ព័ត៌មានអន្តរជាតិ ៖ រដ្ឋអាជ្ញាអាមេរិកបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅប្រទេសចិនពីបទចេញមុខលាងលុយកខ្វក់ ជំនួសឱ្យធនាគារកូរ៉េខាងជើង ដែលបានរងការដាក់ទណ្ឌកម្ម និងបានដាក់ពាក្យបណ្តឹងដកហូតប្រាក់ ១,៩ លានដុល្លារអាមរិកពីក្រុមហ៊ុននេះ ។

ការិយាល័យមេធាវីសហរដ្ឋអាមេរិក នៅក្នុងសង្កាត់នៃរដ្ឋ Columbia បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Mingzheng International Trading Limited បានជួយសម្រួលប្រតិបតិ្តការប្រាក់ដុល្លារ ដែលហាមឃាត់ តាមរយៈធនាគារសហរដ្ឋអាមេរិក ជំនួសឱ្យធនាគារពាណិជ្ជកម្មបរទេស(Foreign Trade Bank) ដែលជាធនាគាររបស់កូរ៉េខាងជើង និងបានលាងលុយកខ្វក់ទាំងនោះ។

ការិយាល័យមេធាវីឱ្យដឹងទៀតថា សកម្មភាពដកហូតប្រាក់ ដែលបានមកពីបទឧក្រិដ្ឋប្រមាណ ១,៩  លានដុល្លារអាមេរិកនេះ តំណាងឱ្យផ្នែកមួយនៃការរឹបអូសដ៏ធំបំផុតនូវមូលនិធិកូរ៉េខាងជើង ដោយក្រសួងយុត្តិធម៌អាមេរិក។ / សេចក្តីថ្លែងការណ៍និយាយថា ទឹកប្រាក់សរុប ត្រូវបានប្រតិបត្ដិការបង្វិល នៅក្នុងឆ្នាំ ២០១៥ ដោយក្រុមហ៊ុន Mingzheng ដែលមានមូលដ្ឋាន នៅទីក្រុងស្សឺនយ៉ាងប្រទេសចិន តាមរយៈការផ្ទេរប្រាក់ ដោយប្រើគណនីធនាគាររបស់ចិន។

ក្រុមហ៊ុន Mingzheng មិនអាចទាក់ទងសុំការអធិប្បាយ លើការចោទប្រកាន់នេះ នៅឡើយទេ។ សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីខែមីនា ឆ្នាំ២០១៣ ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើធនាគារពាណិជ្ជកម្មបរទេស(Foreign Trade Bank) របស់កូរ៉េខាងជើង  ដែលផ្សារភ្ជាប់ទៅនឹងការរីកសាយភាយនៃអាវុធប្រល័យលោក។ ក្រសួងនេះ ចាត់ទុកធនាគារនេះថា ជាអង្គភាពមួយរបស់រដ្ឋ ដែលដើរតួជាធនាគារប្តូរប្រាក់បរទេសបដ៏សំខាន់របស់កូរ៉េខាងជើង៕

/

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ RT