លោក Stan Lee អ្នកផ្ដើមគំនិតបង្កើតសៀវភៅរឿងកំប្លែងបែបអច្ឆរិយៈ(Marvel Comic books) បានទទួលបរណភាព ក្នុងជន្មាយុ ៩៥ ឆ្នាំ។  លោកទទួលខុសត្រូវក្នុងការបង្កើតតួអង្គសំខាន់ៗរួមមានដូចជា Spider-Man, X-man, Iran Man, The Credible Hulk, Thor, black Panther និង​ The fantastic Four។

ដោយសារតែស្នាដៃរបស់លោក បានធ្វើឱ្យក្រុមហ៊ុន Marvel បានក្លាយជា ក្រុមហ៊ុនបោះពុម្ភផ្សាយសៀវភៅរឿងកំប្លែងដ៏ពេញនិយមបំផុតនៃពិភពលោក។ មិនតែប៉ុណ្ណោះលោកបានសហកាផលិតនូវរឿង Hollywood ខ្នាតវែង​ផងដែរ។

/

កូនស្រីរបស់លោក គឺអ្នកស្រី J.C បាននិយាយថា រថយន្ដសង្រ្គោះបន្ទាន់ បានបើក​យ៉ាងប្រញាប់ឆ្ពោះទៅកាន់ផ្ទះរបស់លោកនៅ Hollywood Hills កាលពីព្រឹកថ្ងៃចន្ទ ហើយរូបលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលលោកទទួលមរណៈភាព។

អ្នកស្រីបាននិយាយថា៖” លោកស្រឡាញ់ជីវិតរបស់លោក និងស្រឡាញ់នូវកិច្ចការ ដែលលោកប្រកបដើម្បីចិញ្ចឹមជីវិតណាស់។ ពុំមាននរណា អាចជំនួសគាត់បានឡើយ។ ឪពុករបស់ខ្ញុំស្រឡាញ់អ្នកគាំទ្ររបស់គាត់ណាស់។ គាត់ជាបុរសដ៏អស្ចារ្យម្នាក់”។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយរបស់លោក Lee មានភាពច្របូកច្របល់ជាមួយនឹងរឿងក្ដីនៅតុលាការរវាងក្រុមគ្រួសាររបស់លោក និងអតីតអ្នកគ្រប់គ្រង។

/

មរណភាពរបស់ភរិយារបស់លោក ក្នុងជន្មាយុ ៦៩ ឆ្នាំ បានបន្សល់ទុករឿងក្ដីមួយ ដែលបណ្ដាលឱ្យមានការដោះស្រាយរវាងមិត្ដភក្ដិ មេធាវី និងអ្នកប្រឹក្សាច្បាប់។  កាលពីខែកក្កដា មេធាវីការពារក្ដីឱ្យកូនស្រីរបស់លោក គឺអ្នកស្រី JC បានទទួលដីការារាំងការរំលោភបំពានមនុស្សចាស់ ប្រឆាំងនឹងអតីតអ្នកគ្រប់គ្រងរបស់លោក។

បណ្ដឹងសុំឱ្យតុលាការចេញដីការារាំងនេះ បានចោទប្រកាន់អតីតអ្នកគ្រប់គ្រងរូបនោះ ពីបទប៉ុនប៉ងជ្រៀតជ្រែកសមត្ថភាពលោក Lee  ក្នុងការទំនាក់ទំនងទៅគ្រូពេទ្យ និងសមាជិកគ្រួសារ និងបំបែកលោក Lee ចេញពីកូនស្រីរបស់គាត់។

កាលពីឆ្នាំ២០០២ លោក Lee បានប្ដឹងទាមទារចំណែកប្រាក់ចំណេញរបស់លោក ក្រោយពីខ្សែភាពយន្ដរឿង Spider-Man ដណ្ដើមបានជ័យជម្នះ នៅតាមរោងភាពយន្ដ ដែលនាពេលនោះលោកបាន ទទួលប្រាក់សំណងបញ្ចប់ក្ដីចំនួន ១០ លានដុល្លារអាមេរិក។ បើតាមការប៉ាន់ប្រមាណ លោក Lee មានទ្រព្យសម្បត្ដិចំនួន ៧០ លានដុល្លារអាមេរិក។

 

កាលពីខែឧសភាឆ្នាំនេះ លោកចាប់ផ្ដើមបណ្ដឹងទាមទារទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិកប្រឆាំងនឹងក្រុមហ៊ុន POW! Entertainment ជាក្រុមហ៊ុនមួយ ដែលលោកបានសហការបង្កើត ដោយបានចោទប្រកាន់បណ្ដាប្រធានប្រតិបត្ដិនៃក្រុមហ៊ុននោះពីបទសមគំនិតគ្នាលួចអត្ដសញ្ញាណ ឈ្មោះ និងនិមិត្ដរូបរបស់លោក។

លោកក៏បានអះអាងផងដែរថា ក្រុមហ៊ុននេះ បានចូលគ្រប់គ្រងគណនីបណ្ដាញផ្សព្វផ្សាយសង្គមរបស់លោក និងប្រើបណ្ដាញទាំងនោះ ដើម្បីក្លែងធ្វើជាតួអង្គលោក។ រយៈពេលពីរខែក្រោយលោក បានដកពាក្យបណ្ដឹង និងនិយាយនៅក្នុងរបាយការណ៍មួយថា៖” រឿងគ្រប់យ៉ាង បានធ្វើឱ្យអ្នកទាំងអស់គ្នារូមទាំងខ្ញុំ និងអ្នកគាំទ្រ មានការភ័ន្ដច្រឡំ ប៉ុន្ដែឥឡូវនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្ដ ដោយមានការគាំទ្រពីមនុស្ស ដែលប្រាថ្នាល្អសម្រាប់ខ្ញុំ” ៕ 

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Telegraph