ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra'ad Al Hussein បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយ កាលពីថ្ងៃអង្គារ ចូលទៅក្នុងរំលោភបំពានសិទ្ធិមនុស្ស ដែលកើតមានឡើង នៅក្នុងផ្នែករដ្ឋកាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា និងប៉ាគីស្ថាន។

យោងតាមរបាយការណ៍បឋមរបស់អង្គការសហប្រជាជាតិ ស្ដីពីរដ្ឋកាស្មៀរ បានឱ្យដឹងថា នៅក្នុងផ្នែកដែលឥណ្ឌាគ្រប់គ្រង ពួកទាហាន បានប្រើកម្លាំងហួសប្រមាណប្រឆាំងនឹងជនស៊ីវិល ដែលបណ្ដាលឱ្យមានមនុស្សប្រមាណ ១៤៥ នាក់ស្លាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជនស៊ីវិល ក៏ជាកម្មវត្ថុនៃការបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទផងដែរ។ ជារឿយៗ ជនរងគ្រោះ ត្រូវបានហាមឃាត់មិនឱ្យទទួលបានយុត្តិធម៌ទេ ពីព្រោះទាហានឥណ្ឌា ភាគច្រើន បានទទួលនូវអភ័យសិទ្ធិពេញលេញរួចផុតពីការផ្ដន្ទាទោស ។

/

របាយការណ៍នេះ និយាយថា នៅក្នុងផ្នែក ដែលគ្រប់គ្រងដោយប៉ាគីស្ថាន មានកើតឡើងនូវការរំលោភបំពានជាច្រើនរូបភាព ។ រដ្ឋបាលគ្រប់គ្រងនេះ បានច្រានចោលនូវសិទ្ធិសេរីភាពជាច្រើនសណ្ឋានដូចជា សេរីភាពក្នុងការបញ្ចេញមតិ ការប្រមូលផ្ដុំគ្នា និងសេរីភាព ក្នុងជំនឿសាសនារបស់ប្រជាជនកាស្មៀរ។

លោក Zeid បាននិយាយថា៖ ដំណោះស្រាយណាមួយ ចំពោះស្ថានភាពនយោបាយ នៅក្នុងរដ្ឋកាស្មៀរគួរតែដាក់ជំនួសដោយការប្តេជ្ញាចិត្តដើម្បីបញ្ចប់អំពើហិង្សាគ្រប់រូបភាព និងគណនេយ្យភាពចំពោះការរំលោភបំពានសិទ្ធិមនុស្សកាលពីអតីតកាល និងបច្ចុប្បន្ន និងការរំលោភបំពានទាំងឡាយ ដែលប្រព្រឹត្តដោយគ្រប់ភាគីទាំងអស់ និងការដោះស្រាយសម្រាប់ជនរងគ្រោះ ។ ដំណោះស្រាយបែបនេះ អាចត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្ទនាដ៏មានន័យ ដែលអនុញ្ញាតឱ្យប្រជាជននៅរដ្ឋកាស្មៀរ បានចូលរួម។

លោកបានផ្តល់អនុសាសន៍ថា ការិយាល័យសាខាសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ បង្កើតគណៈកម្មការស៊ើបអង្កេតដើម្បីធ្វើការស៊ើបអង្កេតឯករាជ្យ លើស្ថានភាពនៅ រដ្ឋកាស្មៀរ។ កាលពីឆ្នាំ ២០១៦ លោក Zeid បាននិយាយថា លោកមានការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស នៅរដ្ឋកាស្មៀរ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist