ទំព័រ TTXVN របស់វៀតណាម ដកស្រង់សំដីរបស់មន្ត្រីស្ថានទូតវៀតណាម នៅប្រទេសថៃ ឱ្យដឹងថា នៅវេលាម៉ោង ១៤ ថ្ងៃទី ៨កក្កដា នាវារបស់កងទ័ពថៃ បានបាញ់ប្រហារទៅលើទូកនេសាទបីគ្រឿងរបស់វៀតណាម។

ទូកនេសាទវៀតណាម
ទូកនេសាទខាងលើ មានស្លាកលេខបញ្ជាក់ថា ពួកគេមកពីខែត្របឺនត្រែ ប្រទេសវៀតណាម។ ទូកនេសាទទាំងនេះ ត្រូវគេជឿថា បានចូលនេសាទក្នុងដែនសមុទ្ររបស់ថៃ។ ទូកនេសាទពីរគ្រឿងរបស់វៀតណាម បានប៉ះទង្គិចជាមួយនឹងនាវាថៃ បណ្ដាលឱ្យទូកនេសាទ ត្រូវលិច។
លោកង្វៀនហៃង៉ុក មន្ត្រីស្ថានទូកវៀតណាមប្រចាំប្រទេសថៃថ្លែងថា ការបាញ់ប្រហារនេះ បានបណ្ដាលឱ្យអ្នកនេសាទពីរនាក់រងរបួស។ អ្នកនេសាទទាំងនេះ ត្រូវបានកងទ័ពថៃ ដឹកឡើងគោកតាមរយៈឧទ្ធម្ភាគចក្រ ហើយបច្ចុប្បន្ន កំពុងត្រូវបានឃុំខ្លួននៅតំបន់២ នៃមូលដ្ឋានទ័ពជើងទឹកថៃ។
តាមគម្រោង នៅថ្ងៃទី ១១នេះ ក្រុមអ្នកនេសាទខាងលើ នឹងត្រូវបានបញ្ជូនឡើងតុលាការ ហើយពួកគេអាចនឹងត្រូវចោទប្រកាន់ពីបទ ឆ្លងដែន និងនេសាទខុសច្បាប់។
នេះគឺជាលើកទីពីរហើយដែល នាវានៃកងទ័ពជើងទឹកថៃ បាញ់ប្រហារទៅលើទូកនេសាទវៀតណាម បណ្ដាលឱ្យមានអ្នករងរបួស។ កាលពីដើមខែកញ្ញា ឆ្នាំ ២០១៥ នាវាថៃ ក៏បានបាញ់ទៅលើទូកនេសាទវៀតណាម បណ្ដាលឱ្យអ្នកនេសាទម្នាក់ស្លាប់ផងដែរ។
ក្រសួងការបរទេសវៀតណាម បានផ្ញើលិខិតទៅកាន់ប្រទេសថៃ ដើម្បីស្នើឱ្យប្រទេស ធ្វើការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងកាត់ទោស។ ប៉ុន្តែ មកដល់ពេលនេះ ភាគីថៃ មិនទាន់បានឆ្លើយតប់នៅឡើយ។
សូមរំលឹកថា ទូកនេសាទវៀតណាម ជារឿយៗតែងតែចូលនេសាទនៅលើដែនទឹករបស់ប្រទេសក្បែរខាងខ្លួន មានដូចជាថៃ កម្ពុជា ឬម៉ាឡេស៊ី ហើយក្នុងករណីខ្លះ ទូកនេសាទវៀតណាមក៏ត្រូវកងទ័ពប្រទេសទាំងនោះ (លើកលែងតែប្រទេសកម្ពុជា) បាញ់ប្រហារ ដូចក្នុងករណីខាងលើ។ កាលពីឆ្នាំ ២០១៥ ក៏មានករណីស្រដៀងនេះដែរ ប៉ុន្តែពេលនោះគឺនាវាឥណ្ឌូនេស៊ី ដែលបានបាញ់កំទេសទូកនេសាទវៀតណាមច្បាប់ចំនួនបីគ្រឿងផងដែរ នេះបើតាមទំព័រ defence.pk ។
ប្រែសម្រួល ៖ តារា