សមយុទ្ធកងទ័ពជើងទឹករួមរបស់អាមេរិក និងកូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះនឹងរួមមានទាំងការសន្មត់ជាធ្វើឃាតមេដឹកនាំកូរ៉េខាងជើង ក្នុងករណីក្រុងព្យុងយ៉ាងវាយប្រហារដោយអាវុធនុយក្លេអែរ នេះបើតាមទំព័រ Yonhap ដែលបានដកស្រង់សំដីរបស់មន្ដ្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ កាលពីម្សិលមិញ។

នាវាផ្ទុកយន្ដហោះ USS Ronald Reagan បានមកដល់មូលដ្ឋានទ័ពជើងទឹកកូរ៉េខាងត្បូង
ចាប់ពីថ្ងៃទី ១០តុលា កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាមួយដែលមានរយៈពេល ៦ថ្ងៃ នៅតំបន់សមុទ្រជប៉ុន និងសមុទ្រលឿង (Yellow Sea) ដោយមានការរួមរួមពីនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan និងនាវាចម្បាំង និងនាវាមុជទឹករាប់សិបគ្រឿង។ នេះគឺជាសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូង ទ្រង់ទ្រាយធំបំផុត រាប់ចាប់តាំងពីឆ្នាំ ២០១០។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីម្សិលមិញ បានប្រកាសថា សមយុទ្ធនឹងរួមមានទាំងការវាយប្រហារដោយកាំជ្រួចដែលបាញ់បានរយៈចម្ងាយ ១.០០០គីឡូម៉ែត្រ។
ក្រៅពីនេះ ខ្លឹមសារនៃសមយុទ្ធមួយផ្សេងទៀត នោះគឺ ការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង ដូចជាលោក Kim Jong-un ជាដើម ក្នុងករណីក្រុងព្យុងយ៉ាង វាយប្រហារដោយអាវុធនុយក្លេអែរ នេះបើតាមទំព័រ Yonhap ដកស្រង់សំដីរបស់មន្ដ្រីកូរ៉េខាងត្បូង។

សកម្មភាពសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូង កាលពីខែមិនាឆ្នាំ ២០១៦ (រូបថត ៖ Reuters)
មន្ដ្រីខាងលើឱ្យដឹងថា ក្រោយពីក្រុងព្យុងយ៉ាងបានសាកល្បងអាវុធនុយក្លេអែរលើកទី៥ កាលពីខែមុន បណ្ដាសមយុទ្ធនឹងផ្តោតសំខាន់ទៅលើការវាយប្រហារទៅលើទីតាំងអាវុធនុយក្លេអែរ និងកាំជ្រួចរបស់កូរ៉េខាងជើង។ សមយុទ្ធនេះក៏នឹងរួមបញ្ចូលទាំងសកម្មភាពរបស់កងកម្លាំងពិសេសផងដែរ។
ប្រែសម្រួល ៖ តារាប្រភព ៖ mirror