ភ្នំពេញ​៖​ ​គណៈកម្មាធិការ​អន្តរក្រសួង​ ​ដែល​មាន​ភារកិច្ច​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​លូ​ ​និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​បាន​ឯកភាព​គ្នា​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ​ ​ក្នុង​នោះ​នឹង​បង្កើន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​ឲ្យបាន​ដល់​ ​៣ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។​

​ការ​ឯកភាព​គ្នា​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ ​ស្តី​ពី​ ​«​បញ្ហា​ប្រឈម​ ​និង​ដំណោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ​»​ ​កាលពី​ថ្ងៃ​ចន្ទ​ ​ដឹកនាំ​ប្រជុំ​ដោយ​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​ ​ដើម្បី​ដឹកនាំ​ ​និង​សម្របសម្រួល​គម្រោង​វិនិយោគ​ ​ស្តារ​ ​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ​ ​និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​ ​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ក្រុង​ព្រះសីហនុ​មានសន្ទុះ​អភិវឌ្ឍន៍​លឿន​ផ្នែក​សេដ្ឋកិច្ច​ ​ជាពិសេស​ ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដែល​ជាហេតុ​នាំឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មានស្រាប់​មិន​អាច​ទ្រទ្រង់​បាន​ ​និង​ធ្វើឲ្យ​ទឹក​កខ្វក់​មួយ​ភាគ​បាន​ហូរ​តាម​អូរ​ធម្មជាតិ​ចាក់​ទៅ​សមុទ្រ​មួយ​ភាគ​ ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​ទេសភាព​តំបន់ឆ្នេរ​សមុទ្រ​។​

/

​ក្រសួង​ ​បាន​បន្ត​ថា​​កន្លងមក​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​ក៏បាន​ចាត់វិធានការ​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​បញ្ហា​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​នេះ​ ​ដោយ​បាន​សាងសង់​ស្ថានីយ៍​បូមទឹក​ក​ខ្វក់​ចំំ​នួន​ ​៤កន្លែង​ ​សម្រាប់​ច្រោះ​កាកសំណល់​មុននឹង​បញ្ជូន​ទៅ​សមុទ្រ។

​ក្រសួង​បាន​បញ្ជាក់​ថា​៖​ ​«​វិធានការ​ដោះស្រាយ​នោះ​ ​គឺ​ធ្វើ​ទំនើបកម្ម​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​ដែល​មានស្រាប់​ឲ្យ​មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​បាន​ដល់​ ​៣ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ ​សាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​បន្ថែម​ទៀត​ ​រៀបចំ​ប្រព័ន្ធ​លូ​ ​និង​បំពាក់​ឧបករណ៍​និង​សម្ភារៈ​»​។​

​លោក​ មាស​ ​សុខ​ដេរ​សាន​ ​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា​ ​ចំពោះ​ការ​ចំណាយ​ថវិកា​ទៅលើ​ការ​អភិវឌ្ឍ​ ​និង​ការ​ធ្វើ​ទំនើបកម្ម​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដែល​មានស្រាប់​នោះ​ ​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សិក្សា​លម្អិត​បន្ថែម​។​

​លោក​ថា​៖​ ​«​ចំពោះ​គ​ម្រោ​ង​ចំំ​ណាយ​ថវិកា​បឋម​លើ​គម្រោង​បង្កើន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​ ​និង​សកម្ម​ភាព​ផ្សេង​ៗ​នោះ​ ​គឺ​ទាល់តែ​ខាង​ក្រសួងសាធារណការ​បាន​មាន​តួលេខ​បឋម​ ​ហើយ​ក្រសួងសាធារណការ​ ​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ ​ក្រសួង​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​ខេត្ត​ជាដើម​ ​ថា​តើ​តម្រូវការ​ជាក់ស្តែង​ ​ត្រូវការ​ថវិកា​ប៉ុន្មាន​?​»​។​

​លោក​បន្ថែម​ថា​៖​ ​«​តាមរយៈ​ការ​ធ្វើការ​រួមគ្នា​នោះ​ ​ខាង​ក្រសួងសេដ្ឋកិច្ច​ ​នឹង​ពិនិត្យមើល​ទៅលើ​តម្រូវ​អាទិភាព​ ​ហើយ​យើង​មានលទ្ធភាព​ប៉ុណ្ណា​យើង​នឹង​ធ្វើ​ទៅតាម​ដំណាក់កាល​ជា​ជំ​ហាន​ៗ​»​។​

​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​លោក​ ​ហេង​ ​រ័ត្ន​ពិសិដ្ឋ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ដោះស្រាយ​បន្ទាន់​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ​នេះ​ ​នឹង​ធ្វើជា​ជំ​ហាន​ៗ​ ​ដែល​ដំណាក់​ដំបូង​នេះ​ ​នឹង​ពិនិត្យ​ទៅលើ​ការ​បង្កើន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​ ​និង​រៀបចំ​បណ្តាញ​លូ​ទឹក​កខ្វក់​ ​ដែល​អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ​១០០លាន​ដុល្លារ​។​ ​

​លោក​ថា​៖​ ​«​យើង​សង្ឃឹមថានឹង​ចាប់ផ្តើម​ធ្វើ​ឆាប់​ៗ​នេះ​ ​អាច​ក្នុង​ឆ្នាំ២០២០​ ​ដោយសារ​ក្នុងរយៈពេល ៣ខែ​ខាងមុខនេះ​ ​យើង​ត្រូវ​សិក្សា​លម្អិត​ពី​ផែនការមេ​ ​អីចឹង​អាច​ថា​នៅ​ពាក់កណ្តាល​ ​ឆ្នាំ២០២១​ ​ឬ​ពាក់កណ្តាល​ឆ្នាំ២០២២​ ​ត្រូវ​ធ្វើឲ្យ​ហើយ​ ​ព្រោះ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​»​ ៕​

/

ប្រភព ៖ ខ្មែរថាម