បុរសម្នាក់នៅជប៉ុន បាន​ចាក់សម្លាប់កូនប្រុស​អាយុ ១២ឆ្នាំរបស់ខ្លួន ព្រោះតែ​ក្មេងប្រុស​នេះ​ប្រឡងធ្លាក់​ មិនអាច​ចូល​រៀន​នៅសាលា​ឯកជនលំដាប់ខ្ពស់​នៅក្នុង​ខែត្រ Aichi ។

Kengo Satake អាយុ ៤៨ឆ្នាំ បាន​សារភាព​ថា បានឈ្លោះប្រកែកគ្នា​ជាមួយ​កូន​ប្រុស​ ព្រោះតែ​កូន​មិន​ខំសិក្សានៅមុន​ការប្រឡងចូល​សាលា​វិទ្យា​ល័យ​ឯកជនមួយ​ នេះ​បើតាមសេចក្ដីរាយការណ៍​របស់ NHK។ Kengo Satake តែងតែ​ជេរស្ដី​ឱ្យកូន​ អំពី​ការ​សិក្សា។

/

នគរបាលទីក្រុង Nagoya ខែត្រ Aichi ឱ្យដឹងថា Ryota អាយុ ១២ឆ្នាំ ជាកូនប្រុស​របស់ Satake ត្រូវបាន​បញ្ជូនចូលមន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ កាលពីថ្ងៃទី ២១​សីហា បន្ទាប់​ពី​ត្រូវ​ឪពុកចាក់នឹង​កាំបិត ប៉ុន្តែ ក្មេងប្រុសនេះបានស្លាប់​ដោយ​សារ​តែ​បាត់បង់ឈាមច្រើន​។

អ្នកនាំពាក្យ​របស់នគរបាល​ថ្លែងថា “បុរសជាឪពុក បាន​ប្រើកាំបិតក្នុងផ្ទះបាយ ចាក់ទៅលើ​ដើមទ្រូង​របស់កូនប្រុស”។ Satake ត្រូវបានចាប់ខ្លួន បន្ទាប់ពី​នគរបាល បាន​ទទួលទូរស័ព្ទ​ពី​បុគ្គលិកពេទ្យ។

Satake សារភាព​ថា ខ្លួន​បានសាក់ទៅលើកូន ព្រោះតែជ្រុលដៃ។ ម្ដាយ​របស់ Ryota មិនមាន​វត្តមាន​នៅក្នុងផ្ទះនោះទេ ខណៈហេតុការណ៍​កំពុង​កើតឡើង​។

សូមបញ្ជាក់ថា ការប្រឡង​ចូល​រៀននៅសាលា​ឯកជនដែល​ល្អបំផុត​នៅជប៉ុន ត្រូវបានធ្វើឡើង​យ៉ាង​តឹង​តែង។ ការ​ចូលរៀននៅសាលា​ល្បីៗ ត្រូវបានគេ​ចាត់ទុកថា​ជាគន្លឹះ​សំខាន់​ដែល​អាច​សម្រេច​វាសនា​អនាគត​របស់កុមារនៅជប៉ុន៕

ប្រែសម្រួល ៖ បុត្រា