លោកតាអាយុ ៩២ឆ្នាំបានក្លាយមនុស្សល្បីឈ្មោះ នៅពេលគាត់មានប្រពន្ធដល់ទៅ ១០៧នាក់ និងមានកូន ១៨៥នាក់ បើទោះគាត់មិនមានការងារធ្វើ និងមិនមែនជាអ្នកមានក៏ដោយ។

Mohammed Bello Abubakar រស់នៅក្នុងក្រុង Bida (Nigeria) បានក្លាយជាមនុស្សល្បីឈ្មោះ ចាប់តាំងពីឆ្នាំ ២០០៨ នៅពេលសារព័ត៌មានបានចុះផ្សាយអំពីជីវិតរបស់គាត់។ កាលពីអំឡុងឆ្នាំនោះ លោកមានប្រពន្ធ ៨៦នាក់ និងកូន ១៧០នាក់។ ក្រោយរយៈពេល៨ឆ្នាំ ចំនួនប្រពន្ធរបស់លោកតា Abubakar បានកើនឡើងដល់ ៩៧នាក់ ហើយចំនួនកូនក៏បានកើនឡើងដល់ទៅ ១៨៥នាក់។

/

បើទោះជាមិនមានការងារ និងប្រាក់ចំណូលច្រើន ប៉ុន្តែ លោកតាវ័យ ៩២ឆ្នាំនេះ នៅតែអាចទាក់ទាញបានស្ដ្រីចំនួន ១០៧នាក់ រៀបការជាមួយខ្លួន។ មកដល់ពេលនេះ លោកតា Abubakar បានលែងលះប្រពន្ធចំនួន ១០នាក់ និងនៅសល់ ៩៧នាក់។

លោកតាខាងលើថែមទាំងបានប្រកាសថា ការរៀបការជាមួយស្ដ្រីជាច្រើនបែបនេះ គឺជាភារកិច្ចធំធេងដែលលោកបានទទួលបញ្ជាពីព្រះអាឡស់។

ជាអ្នកដែលកាន់សាសនាអ៊ីស្លាម ប៉ុន្តែលោកតា Abubakar ត្រូវបានអាចារ្យសាសនាអ៊ីស្លាមផ្សេងទៀតរិះគន់ថាបានបំពានលើច្បាប់សាសនា។ សាសនាអ៊ីស្លាម អនុញ្ញាតឱ្យបុរសម្នាក់ អាចយកប្រពន្ធច្រើនបំផុតត្រឹម៤នាក់ ប៉ុន្តែ អ្នកនោះត្រូវតែមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអាចចិញ្ចឹមប្រពន្ធបានល្អ។ ក្រុមអាច្ចារ្យនៃសាសនាអ៊ីស្លាម ធ្លាប់បានបង្ខំឱ្យលោកតាលែងលះប្រពន្ធទាំងឡាយ និងទុកតែ៤រូបប៉ុណ្ណោះ ប៉ុន្តែ លោកតាបានបដិសេធ ហើយបាននិយាយថា ក្នុងគម្ពីរ Koran មិនបាននិយាយដល់ការដាក់ទោសចំពោះបុរសដែលយកប្រពន្ធលើសពី៤នាក់។

កាលពីឆ្នាំ ២០០៨ លោកតា Abubakar ធ្លាប់ត្រូវបានចាប់ខ្លួន និងត្រូវតុលាការកាត់ទោស ប៉ុន្តែប្រពន្ធ និងកូនៗរបស់គាត់បាននាំគ្នាចេញមកធ្វើបាតុកម្ម បង្ខំឱ្យតុលាការដោះលែង។ ក្រោយពីត្រូវបានដោះលែង លោកតា Abubakar មិនត្រឹមតែមិនខ្លាចការដាក់ទោសរបស់ច្បាប់ ប៉ុន្តែ លោកតា ថែមទាំងបានបន្តរៀបការជាមួយស្ដ្រីជាច្រើនរូបទៀត។

/

មកដល់ពេលនេះ លោកតាបានរៀបការជាមួយស្ដ្រីចំនួន ១០៧នាក់ ប៉ុន្តែក្នុងនោះ បានលែងលះ ១០នាក់។ បើទោះមានអាយុ៩២ឆ្នាំ ប៉ុន្តែលោកតាឱ្យដឹងថា នៅតែមិនទាន់មានបំណងឈប់រៀបការ ហើយនៅតែបន្តស្វែងរកស្ដ្រីដើម្បីយកមកធ្វើជាប្រពន្ធ។

លោកតា Abubakar និយាយថា “អ្វីដែលខ្ញុំធ្វើ គឺជាភារកិច្ចដ៏ធំធេង។ នោះគឺជាភារកិច្ចដែលព្រះអាឡស់ប្រគល់ឱ្យ ហើយខ្ញុំនឹងបន្តធ្វើបែបនេះរហូតដល់អស់ជីវិត។ ខ្ញុំទើបតែមានប្រពន្ធ ៩៧នាក់ ហើយខ្ញុំនឹងបន្តរៀបការទៀត។ ខ្ញុំនឹងនៅតែរៀបការ ឱ្យតែនៅមានជីវិត”។

បើទោះជាមានប្រពន្ធច្រើន ប៉ុន្តែ លោកតា Abubakar បាននិយាយថា បុរសទាំងឡាយមិនគួរយកគំរូតាមនោះទេ។ លោកតា Abubakar អះអាងថា ខ្លួនអាចគ្រប់គ្រងប្រពន្ធទាំងអស់បាន គឺដោយសារថាមពលដែលព្រះប្រទាន។

លោកតា Abubakar មិនមានការងារធ្វើ ហើយលោកតាក៏មិនអនុញាតឱ្យប្រពន្ធទៅធ្វើការនោះដែរ។ ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា លោកតាបានបង្ខំឱ្យកូនៗទៅសុំទាន ប៉ុន្តែ បើទោះយ៉ាងនេះក្ដី ក៏ពួកគេមិនអាចរកបានប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គត់គ្រួសារដ៏ធំនេះនោះដែរ។

/

នៅពេលត្រូវបានសួរថា ធ្វើបែបណាដើម្បីមានប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ លោកតា Abubakar គ្រាន់តែឆ្លើយថា “នោះគឺអាស្រ័យលើព្រះ”៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ independent