ផ្ទុះអាវុធយ៉ាងខ្លាំងក្លានៅតំបន់មួយចំនួន នៅភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ជាប់ព្រំដែលចិន បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិចពីរនាក់ និងជាង ២០នាក់រងរបួស។

ប្រជាជននៅទីរួមស្រុក Muse ដែលជាកន្លែងក្ដៅមួយទាក់ទឹននឹងអំពើរត់ពន្ធនៅ មីយ៉ាន់ម៉ា បានឱ្យដឹងថា ការផ្ទុះអាវុធរវាងកងទ័ព មីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិបានផ្ទុះឡើងចាប់ពីព្រឹកព្រលឹមម្សិលមិញ។ សម្លេងកាំភ្លើងបានផ្ទុះឡើងនៅក្នុងភូមិមួយចំនួន ក្នុងតំបន់ Shan រួមមាន Mong Ko និង Kyu Kok នៅវេលាម៉ោងប្រហែល ២និង៤០នាទី ហើយបានអូសបន្លាយរហូតដល់ព្រឹក។
ប្រជាជននៅព្រំដែន Wanding ខែត្រ Yunnan ប្រទេសចិន ក៏អាចឮសម្លេងអាវុធ។ អាជ្ញាធរទីរួមស្រុក Wanding បានបញ្ជូននគរបាលប្រដាប់អាវុធទៅកាន់ព្រំដែនដើម្បីរក្សាស្ថេរភាពនៅទីនោះ។
យោងតាមរបាយការណ៍ពីការិយាល័យទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ា ក្រុមប្រដាប់អាវុធដែលបានចូលរួមវាយប្រហារខាងលើ រួមមាន កងទ័ពឯករាជ Kachin (KIA), កងទ័ពរំដោះជាតិ Taaung (TNLA) និងកងទ័ពសហភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា Kokang (MNDAA)។
AFP ដកស្រង់សំដីរបស់ពលរដ្ឋម្នាក់ឱ្យដឹងថា “មនុស្សទាំងឡាយដែលនៅស្ថានិយត្រួតពិនិត្យព្រំដែន កំពុងតែរត់មកកាន់ Muse ព្រោះតែមានការផ្ទុះអាវុធយ៉ាងសាហាវ”។
គ្រូពេទ្យម្នាក់សុំមិនបញ្ចេញឈ្មោះដែលធ្វើការនៅក្នុងមន្ទីរពេទ្យនៅជនបទមួយបានឱ្យដឹងថា “បុរសម្នាក់ និងស្រីម្នាក់បានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង បន្ទាប់ពីបានបញ្ជូនមកកាន់មន្ទីរពេទ្យ។ ក្រៅពីនេះ ក៏មានមនុស្សប្រហែល ២៥នាក់ រងរបួស”។
ការផ្ទុះសង្គ្រាមរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំង KIA ក្នុងរដ្ឋ Kachin បានកើតឡើងជាថ្មី ចាប់ពីឆ្នាំ ២០១១ បន្ទាប់ពីបទឈប់បាញ់ដែលអូសបន្លាយបាន ១៧ឆ្នាំ ត្រូវបានបំផ្លាញ។ សង្គ្រាមនេះបានបណ្ដាលឱ្យមនុស្សជាង ១០០.០០០នាក់ បាត់បង់ផ្ទះសម្បែង។
ទីរួមស្រុក Muse ស្ថិតនៅភាគខាងជើងរដ្ឋ Shan ក្បែររដ្ឋ Kachin និងមានចម្ងាយពីប្រទេសចិនត្រឹមតែទន្លេមួយប៉ុណ្ណោះ។
តំណាងរបស់កងកម្លាំងប្រដាប់អាវុធពីរក្រុមបានទទួលស្គាល់ថា ទាហានរបស់ពួកគេបានចូលរួមប្រយុទ្ធក្នុងការផ្ទុះអាវុធលើកនេះ។ យោងតាមការរៀបរាប់របស់ប្រជាជន គ្រាប់បែកមួយចំនួនបានធ្លាក់ទៅក្នុងប្រទេសចិនផងដែរ៕
ប្រែសម្រួល ៖ តារាប្រភព ៖ AFP/Bangkokpost