កំពង់ចាមៈ   អន្ទិតពីរនាក់ បន្ទាប់ពីផឹកទឹកត្នោតជូរ លាយស្រាបៀរ ស្រវឹងជោកកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២  ក៏ប្រើក្លើរបស់ខ្លួនយកស្នាប់ដៃ ទៅវាយបុរសម្នាក់ទៀត កំពុងអង្គុយផឹកកាហ្វេ ដោយចោទថា ញ៉ែសង្សាររបស់ខ្លួន នៅចំណុចផ្ទះលក់កាហ្វេ ស្ថិតក្នុងភូមិ ប្រឡោះ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម ។ ហើយជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានបង្កហេតុ រយៈពេល២ម៉ោង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម នៅល្ងាចថ្ងៃម្សិលម៉ិញ ដើម្បីចាត់ការទៅតាមនីតិវិធី។

ជនសង្ស័យពីរនាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន បញ្ជូនទៅតុលាការ ទី១ ឈ្មោះ ឃី ឃាម ភេទប្រុស អាយុ ១៩ឆ្នាំ .ទី២ ឈ្មោះរឿន រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅក្នុងភូមិប្រឡោះ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម។

តាមចម្លើយ របស់ជនសង្ស័យឈ្មោះ ឃី ឃាម បានឲ្យដឹងថា កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ខ្លួន និងបក្សពួក៥នាក់ ទៀត បាននាំគ្នាផឹកទឹកត្នោតជូរ អស់២៦លីត្រ និងផឹកស្រាបៀរលាយផងដែរ លុះដល់ម៉ោង៧យប់ ពួកគេក៏បែកផ្លូវគ្នា ហើយខ្លួននិងឈ្មោះ រដ្ឋា បានរួមដំណើរជាមួយគ្នា សំដៅទៅផ្ទះលក់កាហ្វេ។ ហើយពេលទៅដល់ខ្លួនក៏បានឃើញបុរសម្នាក់ ឈ្មោះ សន ណែត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា កំពុងអង្គុយផឹកកាហ្វេ និងនិយាយលេងជាមួយអ្នកលក់ហើយភ្លាមនោះ ឈ្មោះ រដ្ឋា ក៏បានបញ្ជាខ្លួន(ឃី ឃាម ) ឲ្យយកស្នាប់ដៃដែក ទៅវាយបុរសម្នាក់នោះ ដោយចោទថា បុរស ឈ្មោះ ណែតញ៉ែសង្សាររបស់គេ ។ ឃី ឃាម បានសារភាពទៀតថាពេលនោះ ខ្លួនប្រកែកមិនព្រមធ្វើតាមទេ ប៉ុន្តែ ឈ្មោះ រដ្ឋា បានគំរាមបម្រុងចាក់ខ្លួន បើខ្លួនមិនព្រមធ្វើតាមគេ ភ្លាមនោះឈ្មោះរដ្ឋា ក៏បានហុចស្នាប់ដៃហើយខ្លួនបានពាក់ស្នាប់ដៃ ចូលទៅវាយបុរសឈ្មោះ ណែត ចំនួន២ដៃចំក្បាល រួចក៏នាំគ្នារត់គេចខ្លួន។ ហើយឈ្មោះ រដ្ឋា ក៏បានយកស្នាប់ដៃទុកវិញ ប៉ុន្តែ បានបន្តិចក្រោយមក ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកតំបែរ ឃាត់ខ្លួនបានតែម្តង ។

ចំណែក ជនសង្ស័យឈ្មោះ រដ្ឋា បានបដិសេធថា ខ្លួនមិនបានបញ្ជាឲ្យឈ្មោះ ឃាម យកស្នាប់ដៃទៅវាយឈ្មោះ ណែតនោះទេ គឺឈ្មោះ ឃាម ពាក់ស្នាប់ដៃដែក ដើរទៅវាយឈ្មោះ ណែត ដោយខ្លួនឯង។

ទោះជាយ៉ាងនោះក្តី ក្នុងករណីខាងលើ ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេត ផ្អែកទៅលើឯកសារនានា និងចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ ឃី ឃាម សមត្ថកិច្ចនគរបាលស្រុកតំបែរ បានធ្វើការសន្និដ្ឋានថា ឈ្មោះរឿន រដ្ឋា ពិតជាបានផ្តល់អាវុធ (ស្នាប់ដៃដែក) បញ្ជាឲ្យឈ្មោះ ឃី ឃាម វាយទៅលើ ឈ្មោះ សន ណែតពិតប្រាកដមែន និងសូមឲ្យសាលាដំបូង ខេត្តកំពង់ចាម ចាត់ការជនសង្ស័យ ទាំងពីរនាក់ទៅតាមផ្លូវច្បាប់៕

/

ជនជាប់សង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល