ប្រទេសចិនបានបញ្ជូនយន្ដហោះចម្បាំង ៤០គ្រឿង ទៅធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច។ យន្ដហោះចម្បាំងមួយចំនួន បានហោះទៅក្បែរប្រជុំកោះរបស់ជប៉ុន ធ្វើឱ្យក្រុងតូខ្យូត្រូវប្រុងជើងការ។

/

កាសែត South China Morning Post ឱ្យដឹងថា កងទ័ពអាកាសរបស់ចិន កាលពីថ្ងៃទី ២៥កញ្ញា បានបញ្ជូនយន្ដហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកមួយក្រុមធំ ហោះឆ្លងកាត់តំបន់កណ្ដាលនៃប្រជុំកោះ Miyako និង Okinawa របស់ជប៉ុន ដើម្បីធ្វើសមយុទ្ធនៅប៉ាស៊ីហ្វិកខាងលិច។ នេះគឺជាសមយុទ្ធទីពីរក្នុងខែនេះរបស់កងទ័ពចិនក្នុងតំបន់នេះ។ កាលពីដើមខែនេះ បណ្ដាយន្ដហោះចម្បាំងរបស់ចិន ក៏ធ្លាប់បានហោះឆ្លងកាតឆកសមុទ្រ Bashi ដើម្បីធ្វើសមយុទ្ធនៅលើសមុទ្រប៉ាស៊ីហ្វិកផងដែរ។

ប្រភពព័ត៌មានឱ្យដឹងថា យន្តហោះមួយក្រុមនេះ រួមមានយន្តហោះទម្លាក់គ្រាប់បែក H-6K និងយន្តហោះចម្បាំង Su-30 រួមនឹងបណ្ដាយន្តហោះផ្គត់ផ្គង់ប្រេងមួយចំនួន។

អ្នកនាំពាក្យរបស់កងទ័ពអាកាសចិន Shen Jinke ថ្លែងថា បណ្ដាយន្តហោះនេះ ធ្វើសមយុទ្ធទាក់ទឹននឹងការវាយប្រហារភ្លាមៗ និងការផ្គត់ផ្គង់ប្រេងនៅលើអាកាស។ ក្រៅពីនេះ បណ្ដាយន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំង ក៏ហាត់ “ល្បាត” នៅលើតំបន់ដែលក្រុងប៉េកាំងហៅថាជាតំបន់សម្គាល់ការពារដែនអាកាស(ADIZ) នៅសមុទ្រចិនខាងកើត។ ប្រទេសចិនបានប្រកាសបង្កើត ADIZ នៅ សមុទ្រចិនខាងកើតកាលពីឆ្នាំ ២០១៣ ប៉ុន្តែ មិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។

ក្នុងថ្ងៃជាមួយគ្នា ប្រទេសជប៉ុន បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងហោះល្បាត ក្រោយពីមានការបង្ហាញខ្លួននៃយន្តហោះចិន៨គ្រឿង នៅលើដែនអាកាសត្រង់ចន្លោះកោះ Miyako និង កោះ Okinawa។ កងទ័ពជប៉ុនឱ្យដឹងថា បានរកឃើញយន្ដហោះទម្លាក់គ្រាប់បែក៤គ្រឿង យន្ដហោះចម្បាំង ២គ្រឿង និងយន្ដហោះល្បាត២គ្រឿងរបស់ចិន ដែលហោះកាត់តំបន់ខាងលើ។ បណ្ដាយន្ដហោះចិន ក្រោយមកក៏បានត្រឡប់ថយក្រោយមកកាន់សមុទ្រចិនខាងកើត ដោយមិនបានបំពានលើដែនអាកាសរបស់ជប៉ុន។

ទំនាក់ទំនងរវាងចិន និងជប៉ុន មានភាពតានតឹងដោយសារតែជម្លោះដណ្ដើមប្រជុំកោះនៅសមុទ្រចិនខាងកើត ដែលក្រុង តួខ្យូហៅថា Senkaku ចំណែក្រុងប៉េកាំង ហៅថា Diaoyu។

ប្រែសម្រួល ៖ តារាប្រភព ៖ SCMP/DANTRI