ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ខណៈរូបគេ ដើរឆ្លងផ្លូវរក ទិញបាយហូប នៅពេលល្ងាច កាលពីវេលាម៉ោង៥ និង៤៤នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវលេខ ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលស្លាប់ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះមានឈ្មោះ ទ្រី សុខុម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ខេត្តព្រៃវែង ។
អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ចេញពីក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយដើរឆ្លងផ្លូវ ទៅម្ខាង ស្រាប់តែមានរថយន្តកុងតឺន័រ ដឹកទំនិញមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3A-2000 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត ដោយរថយន្តបើកលឿនពេក ក៏បានបុកជនរងគ្រោះដួល បន្ទាប់មកបាន កិនពីលើ ឈ្មោះ ទ្រី សុខុម ដោយជនរងគ្រោះនៅក្រោម កង់ក្រោយរថយន្ត ស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាង អាណោចអាធ័មបំផុត។
បន្ទាប់ពីកើតហេតុអ្នកបើករថយន្ត បង្កបានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅ នឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងអូស យកទៅ រក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕




ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល