ANKARA: មនុស្សយ៉ាងហោចណាស់៤០ស្លាប់ និង១០០នាក់ ផ្សេងទៀតរងរបួស បន្ទាប់ពីមានការបាញ់ប្រហារ ក្នុងទីក្រុងមួយនៅប្រទេសតួកគី កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ ក្បែរបន្ទាត់ព្រំដែនជាប់ ប្រទេសស៊ីរី។ នេះបើយោងតាមការលើកឡើងរបស់លោក Muammer Guler រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេស តួកគី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើងនូវសំដីរបស់លោក Guler ថា ចំនួនអ្នកស្លាប់ អាចបន្តកើនឡើង ខណៈដែលជនរងគ្រោះជាច្រើន ស្ថិតក្នុងសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង។

សេចក្តីរាយការណ៍ខាងដើមដំបូងបានរាយការណ៍ឲ្យដឹងថា ការវាយប្រហារបួនកន្លែងបានកើតឡើង នៅក្បែរអគារ រដ្ឋ និងការិយាល័យប្រៃសណីយ៍ ក្នុងទីក្រុង Reyhanli ភាគខាងត្បូងប្រទេសតួកគី។ ដោយឡែកតាមការលើក ឡើងរបស់នាយករដ្ឋមន្ត្រីប្រទេសតួកគី លោក Recep Tayyip Erdogan បាននិយាយថា អ្នកដែលមិនអាចរស់ នៅដោយសម្របខ្លួនក្នុងស្ថានភាពថ្មី និងក្នុងសេរីភាព អាចជាប់ទាក់ទងក្នុងការវាយប្រហារនេះ។

គួរបញ្ជាក់ថា ក្រុមកងយោធា PKK បានដកចេញពីប្រទេស ក្នុងពេលថ្មីៗនេះ បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេល ជាច្រើនឆ្នាំ រវាងរដ្ឋាភិបាល Ankara និងក្រុមប្រដាប់អាវុធ។ ដោយឡែករដ្ឋមន្ត្រីការបរទេស ប្រទេសតួកគី បាន និយាយកាលពីថ្ងៃសៅរ៍ កន្លងទៅនេះថា ការវាយប្រហារនេះជាការបញ្ឆេះបញ្ហាឡើង។ លោកបានបន្តថា អាចមាន ប្រទេសមហាអំណាចណាមួយ ដែលមានបំណងចង់បំផ្លាញសន្តិភាពក្នុងប្រទេសតួកគី។

ជាមួយគ្នានេះដែរ សេចក្តីរាយការណ៍ក្នុងតំបន់ បានឲ្យដឹងថា ភាពតានតឹង បានកើតមានឡើងក្នុងប្រទេសអស់ រយៈពេលជាងពីរសប្តាហ៍មកហើយ។ ចុងក្រោយនេះ មានការផ្ទុះអាវុធឡើងរវាងជនភៀសខ្លួនស៊ីរី និងក្រុមយុវជន របស់តួកគីក្នុងទីក្រុង Reyhanli៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល