អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak ត្រូវបានតុលាការចាប់ខ្លួន និងឃុំខ្លួនកាលពីថ្ងៃសុក្រពីបទចោទប្រកាន់ពុករលួយជាច្រើនរូបភាព រួមទាំងការទទួលសំណូក ការលួចបន្លំ និងការរំលោភអំណាចផងដែរ។

តុលាការក្រុងសេអ៊ូល បានអនុម័តដីកាចាប់ខ្លួន ដោយផ្អែកលើការចោទប្រកាន់ដ៏ធ្ងន់ធ្ងរអំពីឧក្រិដ្ឋកម្ម និងលទ្ធភាព ដែលអតីតប្រធានាធិបតីរូបនេះ  អាចប៉ុនប៉ងបំផ្លាញភស្តុតាង។

អង្គការអយ្យការ បានចោទប្រកាន់លោក Lee ថា បានទទួលប្រាក់សំណូកចំនួន ១១ ពាន់លានវ៉ុន (១០ លានដុល្លារ) ពីភ្នាក់ងារចារកម្មរបស់ខ្លួន និងក្រុមធុរកិច្ចដទៃទៀត រួមទាំងក្រុមហ៊ុន Samsung ផងដែរ។

/ ការចាប់ខ្លួនរបស់លោក Lee គឺបានបន្ថែមទៅលើរឿងក្ដីនាពេលថ្មីៗនេះរបស់មេដឹកនាំ ដែលប្រឈមនឹងរឿងអាស្រូវពុករលួយ បន្ទាប់ពីចាកចេញពីពីតំណែង។ លោក Lee ត្រូវបានគេស៊ើបអង្កេត កាលពីពេលមុនថា មានការជាប់ទាក់ទងនឹងការក្លែងបន្លំ កាលពីឆ្នាំ ២០០១ ដែលលោកបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្ដខុសនោះទេ។

ដីកានេះ នឹងអនុញ្ញាតឱ្យព្រះរាជអាជ្ញាឃាត់ខ្លួនលោក Lee រហូតដល់រយៈ ២០ ថ្ងៃមុនពេល ធ្វើការចោទប្រកាន់ជាផ្លូវការ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist