មន្ត្រីនានានិយាយថា គ្រោះអគ្គីភ័យឆេះសណ្ឋាគារមួយនៅក្នុងទីក្រុងភាគខាងជើងប្រទេសហ្វីលីពីន បណ្តាលឱ្យស្លាប់មនុស្ស១៥នាក់ និង១២នាក់ទៀតរងរបួស ។ គ្រោះអគ្គីភ័យឆេះសណ្ឋាគារនោះកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ធ្នូ ដោយភ្លើងចាប់ផ្តើមឆេះនៅជាន់ផ្ទាល់ដីនៃអគារសណ្ឋាគារកំពស់៥ជាន់នេះ ស្ថិតនៅទីក្រុង Tuguegarao ខេត្តកាហ្គាកាយ៉ាភាគខាងជើងប្រទេសហ្វីលីពីន ។
ភ្លើងបានឆាបឆេះរយៈពេលជាច្រើនម៉ោងរាលដាលពេញអគារ ខណៈភ្ញៀវកំពុងតែដេកលក់ ។ តាមប្រភពព័ត៌មានមួយថា ភាគច្រើននៃអ្នកស្លាប់ទាំង១៥នាក់ នោះជានិស្សិតដែលកំពុងត្រៀមខ្លួនប្រលងយកសញ្ញាបត្របញ្ចប់ការសិក្សា ។ ទោះបីជាបែបណា ពុំមានប្រភពច្បាស់ការណ៍ណាមួយឱ្យដឹងពីមូលហេតុដែលបណ្តាលឱ្យឆេះសណ្ឋាគារនោះទេ ប៉ុន្តែអ្នកខ្លះបង្ហើបថា គឺដោយសារទុស្សេខ្សែភ្លើង ៕