ភ្នំពេញ៖ មន្រ្តីកងរាជអាវុធហត្ថ ផ្ទៃប្រទេសម្នាក់ ត្រូវបាននគរបាលចម្រុះ ខណ្ឌចំការមន ចាប់វាយ ខ្នោះ យកទៅកាន់ទីស្នាក់ការប៉ុស្តិ៍ភ្លាមៗ ខណៈដែលរូបគេ ចេញពីផឹកស៊ីស្រវឹង បើករថយន្តស៊ីអរវី មួយគ្រឿង ប៉ះសម្តីគ្នាជាមួយបុរសម្នាក់ បង្កជាជម្លោះផ្ទុះហិង្សា ដកកាំភ្លើងគំរាមគេ គំរាមឯង បង្កឲ្យ មានការភ្ញាក់ផ្អើល និងចលាចល ពេញផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នាវេលាម៉ោង ២២និង០០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។
បុរសម្នាក់ ដែលត្រូវនគរបាល ចាប់វាយខ្នោះខាងលើនេះ នៅមិនទាន់បានស្គាល់ អត្តសញ្ញាណនៅ ឡើយទេ ប៉ុន្តែគ្រាន់តែសមត្ថកិច្ចបង្ហើបថា រូបគេមានមុខរបរ ជាមន្រ្តីកងរាជអាវុធហត្ថ ផ្ទៃប្រទេស ហើយនិងបានប្រើប្រាស់ កាំភ្លើង១ដើម ម៉ាក កា៥៤ ។
យោងតាម សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ ទាក់ទិននឹងករណីមួយនេះ បានឲ្យដឹងថា មុន ពេលកើតហេតុ មន្រ្តីយោធាខាងលើ បានចេញពីផឹកស៊ី ហើយជិះរថយន្តស៊ីអរវី ១គ្រឿង ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2E-4115 ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៣០០ ក្នុងទិសដៅពីលិចទៅកើត ខណៈបានចម្ងាយជាង ៣០០ម៉ែត្រ បានទាស់ពាក្យសម្តីគ្នា ជាមួយបុរសម្នាក់ទៀត ដែលកំពុងជិះម៉ូតូមួយគ្រឿង ឌុបស្រីស្នេហ៍ រហូតធ្វើឲ្យផ្ទុះកំហឹង ម្ចាស់រថយន្តស៊ីអរវី ចុះវាយបុរស ជាម្ចាស់ម៉ូតូ បណ្តាលឲ្យរងរបួសបែកមុខ បែកមាត់ និងដកកាំភ្លើង គំរាមបាញ់ចោលទៀតផង។
ភ្លាមៗនោះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងបងប្អូនប្រជាពលរដ្ឋ រួមទាំនគរបាល មូលដ្ឋាន ដែលចុះម៉ូតូដើរល្បាតតាមមូលដ្ឋាន ចុះមកជួយអន្តរាគមន៍។ ប៉ុន្តែបុរសបង្កហេតុបាន ឡើងជិះរថយន្តរបស់ខ្លួនរត់គេច រហូតទៅដល់មុខផ្ទះរបស់គេ ជ្រុលបុកនឹងផើងផ្កា ក៏ត្រូវជន រងគ្រោះ រួមជាមួយនគរបាលដេញទាន់ ឡោមព័ទ្ធចាប់ឃាត់ខ្លួនរូបគេ ដើម្បីធ្វើការសាកសួរ។ តែ ជនបង្កបានព្យាយាម រត់ចូលទៅក្នុងផ្ទះ បម្រុងនឹងយកកាំភ្លើងទៅលាក់ទុក អកុសលត្រូវនគរបាល ចាប់វាយខ្នោះ បណ្តាលឲ្យធ្លាក់កាំភ្លើងទៅលើដី។
គួរបញ្ជាក់ថា ហេតុការណ៍កំពុងចលាចល ស្រាប់តែមានស្រ្តីម្នាក់ ជាភរិយាជនបង្ក បានស្ទុះចេញពី ក្នុងផ្ទះ រត់មកដណ្តើមកាំភ្លើង របស់ប្តី ពីសមត្ថកិច្ច បម្រុងរត់ចូលផ្ទះ ប៉ុន្តែត្រូវនគរបាលដណ្តើម យកកាំភ្លើងបាន និងច្រានស្រ្តីនោះ ឲ្យចូលក្នុងផ្ទះវិញ ។ លើសពីនេះ ខណៈដែលក្រុមអ្នកកាសែត និងទូរទស្សន៍ ចុះទៅផ្តិតរូបយកទិដ្ឋភាពជាក់ស្តែង នៅកន្លែងកើតហេតុ ពេលនោះក្រុមគ្រួសារ របស់ជនបង្ក បែរជាស្រែកជេរប្រមាថ ពាក្យគំរោះគំរើយ និងដៀលទៅលើក្រុមអ្នកកាសែត ថែម ទៀតផង ។ អ្វីជាការកត់សម្គាល់នោះ គឺក្រុមអ្នកកាសែតទាំងអស់ មិនបានធ្វើការតបតនិងពាក្យ សម្តី របស់ក្រុមគ្រួសារជនបង្កនេះទេ ដោយសារពួកគាត់មានការអត់ធ្មត់។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការប៉ុស្តិ៍បឹងកេងកងទី២ ពាក់ ព័ន្ធនឹងករណីដកកាំភ្លើងគំរាម និងបង្ករបួសស្នាមដោយចេតនា ដូច្នេះសមត្ថកិច្ចបានសម្រេច ចាប់ វាយខ្នោះ បុរសបង្កហេតុ យកទៅកាន់ទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន៕






ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល