រដ្ឋា​ភិ​បាល​បារាំង​អះ​អាង​ថា ជន​ជាតិ​បារាំង​១៥.០០០​នាក់​រស់​នៅ​ប្រទេស​កូ​ដ​ឌី​វ័រ​ពុំ​រង​ការ​គំរាម​កំហែង​ឡើយ​ ក៏​ប៉ុន្តែ​បាន​អំពាវ​នាវ​ដល់​ពួក​អ្នក​ដែល​អាច​ចាក​ចេញ​ពីប្រទេស​នេះ​ចាក​ចេញ​សិន​​រង់​ចាំ​ឱ្យ​សភាព​ការ ណ៍​វិល​មក​មាន​ប្រក្រ​តី​ភាព​ឡើង​វិញ​។ អាល្លឺ​ម៉ង់​ក៏​ស្នើ​ដល់​ពល​រដ្ឋ​របស់​ខ្លួន​ឱ្យចាក​ចេញ​ពី​កូដ​ឌី​វ័រ​ដែរ​។#អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ ភិ​បាល​បារាំង​ លោក​ហ្វ្រង់​ស្វ័រ​ ប៉ា​រូ​អ៊ីន​ ថ្លែង​ថា សំរាប់​ពេល​នេះ​ការ​ចាក​ចេញ​គឺ​ជា​វិធាន​ការ​បង្ការ​ និ​ងប្រុង​ប្រយ័ត្ន​មួយ​។ ដោយ​ព្រួយ​បារម្ភ​ចំពោះ​ការ​ក្រឡាប់​ចាក់​នៃ​ព្រឹត្តិ​ការ​ណ៍​នៅ​កូដ​ឌី​វ័រ​ រដ្ឋា​ភិ​បាល​បារាំង​ស្នើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ដល់​បណ្តា​ជន​ជាតិ​បារាំង​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កូដ​ឌី​វ័រ​បណ្តោះ​អាសន្ន​សិន​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​ណែ​នាំ​ផង​ដែរ​ដល់​ប្រជា​ជន​ឱ្យ​កែ​ប្រែ​គំរោង​ធ្វើ​ដំណើរ​ទៅ​កាន់​កូដ​ឌី​វ័រ ​ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សភាព​ការណ៍​ក្នុង​ប្រទេស​នេះ​។ ការ​សំរេច​ចិត្ត​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​របស់​ប្រធានា​ធិបតី​ លោក​នី​កូ​ឡាស់​ សា​កូ​ហ្ស៊ី​ ជាមួយ​នាយក​រដ្ឋ​មន្ត្រី លោក​ហ្វ្រង់​ស្វ័រ ហ្វីលឡូន រដ្ឋ​មន្ត្រី​ការ​បរទេស​លោក​ស្រី​មី​សែល​ អាល់​លី​យ៉ូត​ ម៉ា​រី រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ លោក​អា​ឡាំង​ ហ្សុ៊ប​ប៉េ​ និង​នាយ​សេនា​ធិការ​កង​ទ័ព ឧត្តម​នាវី​ អេ​ឌូ​អាដ​ ហ្គីល​ឡូដ​។#វិបត្តិ​មាន​ការ​កើន​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ នៅ​កូដ​ឌី​វ័រ​ដោយ​លោក​ហ្គី​យ៉ូម សូ​រ៉ូ នាយក​រដ្ឋ​មន្ត្រី​របស់​លោក​អាឡាស់​សាន​ អ៊ូ​អា​តារ៉ា​ អំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ឱ្យ​គ្រោង​ប្រើ​កំលាំង​បង្ខំ​ឱ្យ​ប្រធានា​ធិបតី​ចប់​អាណត្ តិ​ លោក​ឡូរ៉ង់ ហ្សេ​បា​បូ ចាក​ចេញ​ពី​អំណាច។#ចំណែក​ប្រធាន​ធនា​គារ​ពិភព​លោក​ ​លោក​ROBERT ZOELLICK វិញ​ប្រកាស​ថា ស្ថាប័ន​​នេះ​ផ្អាក​ការ​ផ្តល់​ប្រាក់​​ដល់​កូដ​ឌីវ័រ​ ខណៈ​​ដែល​បណ្តា​ប្រទេស​អាហ្វ្រិក​ខាង​លិច​ត្រូវ​​ពង្រឹង​នា​សប្តាហ៍​នេះ​នូវ​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​របស់​ ពួក​គេ​​ប្រឆាំង​ប្រទេស​នោះ ៕