ភ្នំពេញ៖ មេខ្យល់ ចំនួន៤នាក់ ដែលតែងតែនាំ ក្មេងស្រី ក្រមុំ ទៅរៀបការ និងដេកលើគ្រែ ជាមួយជនជាតិចិន ខុសច្បាប់ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតីជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ នេះ ឃាត់ខ្លួន នៅផ្ទះសំណាក់ អានីតា១ ដែលមានទីតាំងស្ថិតនៅ មុខព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ក្នុងសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ហើយបានរកឃើញនាងក្រមុំ ចំនួន៨នាក់ នៅក្នុង ផ្ទះសំណាក់ នោះផងដែរ ខណៈនាងក្រមុំំមួយចំនួនទៀត បានរត់គេច រួចអស់។
ប្រតិបត្តិការ ចាប់មេខ្យល់ទាំង៤នាក់ ខាងលើនេះ បានធ្វើឡើង ក្រោមការ បញ្ជាផ្ទាល់ ពីលោកស្នងការនគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង នគរបាល បែន រ័ត្ន និងដោយមានការ ឯកភាពពីតំណាង អយ្យការផងដែរ ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ រួចមក កម្លាំងនគរបាល ប្រឆាំងការជួញដូរ និងការពារអនីតិជន បានឈានទៅឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ ជាប់ពាក់ព័ន្ធ និងការនាំ នាងក្រមុំ ទៅរៀបការជាមួយ បុរសជនជាតិចិនដោយខុសច្បាប់ ។
ជុំករណីខាងលើនេះ ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស លោក កែវ ធា ដែលដឹកនាំ កម្លាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការ ខាងលើនេះ មិនទាន់អាចសុំការ បញ្ជាក់ឲ្យបានលំអិត នៅឡើយទេ ខណៈលោក កំពុងធ្វើការងារនេះ។
ក្រោយឃាត់ខ្លួន ជនសង្ស័យដែល មេខ្យល់ទាំងនេះ ត្រូវបាននាំខ្លួនមកកាន់ ការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស ដើម្បីសួរនាំបន្តទៀត ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល