ភ្នំពេញ ៖ កាលពីវេលា ម៉ោង ៣ និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៣ យុវជនតណ្ហាឡើងក ម្នាក់ ត្រូវនគរបាលយាមនៅគោលដៅ ស្ពានព្រះមុនីវង្សឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីយុវជនរូបនេះ បានធ្វើសកម្មភាពលបឡើងចូល ក្នុងបន្ទប់នារីម្នាក់ បំណងចាប់រំលោភ តែត្រូវនារីរងគ្រោះ បានឃើញ និង ស្រែកឲ្យសមត្ថកិច្ច នៅជិតចំណុចកើតហេតុ ជួយអន្តរាគមន៍ នៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ត្រី ស៊ុន សាវ៉ន នាយរងការិយាល័យ ទទួលបន្ទុកយាមស្ពានព្រះមុនីវង្ស បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ នាម សុខន ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី ២ ខណ្ឌមានជ័យ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ យ ស ស អាយុ ២៦ ឆ្នាំ ជានារីបម្រើ ស្រាបៀរ ស្នាក់នៅចំណុចកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូឌុប ត្រឡប់ពីធ្វើការវិញ នៅម៉ោង ១ និង ៣០នាទីយប់ ពេលនាងជិះមកដល់ក្រោមស្ពាន អាកាសក្បាលថ្នល់ បានឲ្យម៉ូតូឌុបឈប់ ស្រាប់បក្ខពួកក្រុមជនសង្ស័យ បានស្រែកគំរាមឲ្យរូបនាងមកអង្គុយ ផឹកស្រាជាមួយពួកគេហើយដោយខ្លាចពួកយុវជនស្ទាវ វាយធ្វើបាប នារីរងគ្រោះ បានដើរមកអង្គុយផឹកស្រាជាមួយបក្ខពួកជនសង្ស័យ ហើយនាងបានចំណាយប្រាក់ចំនួន ៥ $ ឲ្យទៅស្រាបន្ថែមទៀត។

ក្រោយពីផឹកស្រាស្រវឹង គ្រប់គ្នា ស្ត្រីរងគ្រោះ បានដើរទៅផ្ទះធម្មតា ប៉ុន្តែពេលកំពុងផ្លាស់សម្លៀកបំពាក់នោះ ស្រាប់តែយុវជនឡើងក ឈ្មោះ នាម សុខន បានដើរ លបៗទៅផ្លោះចូលក្នុងបន្ទប់របស់នាងក្នុងបំណងចាប់រំលោភ ប៉ុន្តែជាអកុសលក្តីប្រាថ្នា របស់ជនសង្ស័យមិនបានសម្រេច ព្រោះតែស្ត្រីរងគ្រោះឃើញហើយ ស្រែក ឆោឡោ បណ្តាលឲ្យការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ដែលកំពុងអង្គុយយាម នៅគោលដៅស្ពានព្រះមុនីវង្ស ចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកកាន់ ទីស្នាក់ការយាមស្ពាន ភ្លាមៗតែម្តងទៅ ។

ក្រោយការឃាត់ខ្លូន យុវជនតណ្ហាពុះកញ្រ្ជោល ឈ្មោះ នាម សុខន បានឆ្លើយសារភាពថា ខ្លួនមានបំណង ចូលទៅចាប់រំលោភស្ត្រីរងគ្រោះ ពិតប្រាកដមែន ប៉ុន្តែមិន បានប៉ះពាល់ខ្លួននាងបន្តិចឡើយ ព្រោះរូបនាង ជាជនរងគ្រោះ បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល។

យោងតាមពាក្យបណ្តឹង របស់នារីរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យឈ្មោះ នាម សុខន នេះ ទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បី ធ្វើការសាកសួរ និងបញ្ជូនបន្តទៅ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល