អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល លោក Antonio Guterres កាលពីម្សិលមិញ (៥តុលា) ត្រូវបានបោះឆ្នោតជាផ្លូវការ ក្លាយជាអគ្គលេខាធិការបន្ទាប់របស់អង្គការសហប្រជាជាតិ ស្នងតំណែងពីលោក Ban Ki-moon។

លោក Antonio Guterres
ទំព័រ AFP ឱ្យដឹងថា ជាមួយនឹងឆ្នោតគាំទ្រ ១៣សន្លឹក និងឆ្នោតអនុប្បវាទ ២សន្លឹក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានជ្រើសរើសលោក Antonio Guterres ឱ្យក្លាយជាអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ Vitaly Churkin ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ បានប្រកាសអំពីការតែងតាំងនេះ ៖ “យើងខ្ញុំសុទ្ធតែគាំទ្រ ហើយលោកគឺជា Antonio Guterres។ យើងខ្ញុំសង្ឃឹមថា លោក Antonio Guterres នឹងបំពេញភារកិច្ចបានល្អ ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងរយៈពេល ៥ឆ្នាំខាងមុខ”។
ការបោះឆ្នោតមិនផ្លូវការ កាលពីថ្ងៃទី ៥តុលា គឺពិតជាមានសារសំខាន់ ព្រោះនេះគឺជាលើកដំបូងដែលសមាជិកអចិន្ត្រៃយ៍ ៥រូប របស់ក្រុមប្រឹក្សាសន្ដិសុខដែល មានសិទ្ធិវេតូ បានប្រើប្រាស់សន្លឹកឆ្នោតពណ៌ដើម្បីវេតូបេក្ខជន។ លោក Guterres មិនត្រូវបានវេតូ ហើយទទួលបានសន្លឹកឆ្នោតតិចបំផុតជាង ៩សន្លឹក ដើម្បីជាប់ឆ្នោត។
ប៉ុន្តែ លោក Churkin ឱ្យដឹងថា ការបោះឆ្នោតផ្លូវការមួយនឹងត្រូវបានធ្វើឡើងក្នុងថ្ងៃនេះ ដើម្បីទទួលស្គាល់នូវការជ្រើសរើសលោក Guterres។ បើសិនត្រូវបានជ្រើសរើសជាផ្លូវការ លោក Guterres នឹងចាប់ផ្ដើមកាន់កាប់តំណែងជាអគ្គលេខាធិការរយៈពេល៥ឆ្នាំ រាប់ចាប់ពីថ្ងៃទី ១មករា ឆ្នាំ ២០១៧។
លោក Guterres គឺជានាយករដ្ឋមន្ដ្រីព័រទុយហ្គាល ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០២។ លោកចេះនិយាយភាសាចំនួន ៤ គឺ អង់គ្លេស បារាំង អេស្ប៉ាញ និងព័រទុយហ្គាល៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ AFP