អ្នកអវកាសនៃបេសកកម្ម Apollo លោក Eugene A. Cernan ជាបុរសចុងក្រោយគេបំផុត ដែលបានឈានជើងជាន់ លើដីឋានព្រះចន្ទ បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ នៅថ្ងៃចន្ទ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

ទីភ្នាក់ងារអវកាសណាសា (NASA) បានសរសេរសាររំលែកទុក្ខ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter ថា «ពួកយើងមានទុក្ខជាខ្លាំង ដោយសារការបាត់បង់ អវកាសយានិកណាសាមួយរូប គឺ លោក Egene Cerna ដែលបានចូលនិវត្តន៍ និងជាវីរៈបុរសចុងក្រោយគេបង្អស់ ដែលបានដើរនៅលើផ្ទៃនៃព្រះច័ន្ទ» ក្រោយពេលដែលក្រុមគ្រួសាររបស់អវយានិក នៃបេសកកម្ម Apollo រូបនេះ បានប្រកាសថា រូបលោកបានទទួលមរណភាព នៅថ្ងៃចន្ទ បន្ទាប់ពីមានជំងឺឈឺថ្កាត់ជាប់រហូតមក។
យោងតាមក្រុមគ្រួសាររបស់លោក Cernan អវកាសយានិកជើងចាស់រូបនេះ បាននិយាយជាចុងក្រោយថា «កាលពីមុនខ្ញុំគ្រាន់តែជាក្មេងម្នាក់ ធំដឹងក្តីឡើងនៅសហរដ្ឋអាមេរិក ជាមួយនឹងក្តីសុបិន្តមួយប៉ុណ្ណោះ។ ថ្ងៃនេះអ្វីដែលសំខាន់ជាងគេបំផុត សម្រាប់ខ្ញុំ គឺបំណងប្រាថ្នារបស់ខ្ញុំក្នុងការជំរុញ និងលើកទឹកចិត្តមនុស្សជំនាន់ក្រោយ ឲ្យសម្រេចបានក្តីស្រមៃ ដែលស្ទើរតែមិនអាចទៅរួច របស់ពួកគេរៀងៗខ្លួន ឲ្យក្លាយជាការពិត»។

លោក Cernan កើតនៅទីក្រុង Chicago រដ្ឋ Illinios សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៣៤ លោក Eugene Cernan ដែលត្រូវបានគេហៅ ជាទូទៅថា «Gene» គឺមេបញ្ជាការ យានអវកាសនៃបេសកកម្ម Apollo 17 ជាបេសកកម្មបញ្ជូនមនុស្ស លើកចុងក្រោយទៅកាន់ព្រះចន្ទ ដែលបានធ្វើឡើង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៧២ ហើយនៅពេលដែលលោក Cernan ឈានជើងចេញពីយានអវកាស «Challenger» រូបលោក គឺជាបុគ្គលទី១១ ដែលបានដើរនៅលើឋានព្រះចន្ទ និងជាមនុស្សចុងក្រោយគេ ដែលវិលត្រឡប់ចូលក្នុងយានអវកាស៕
ដោយ ៖ តារាប្រភព ៖ CNN