ប្រធានាធិបតី​រុស្ស៊ី​​ លោកឌីមីទ្រី ម៉េដ​វេដេវ ​បានអញ្ជើញ​​ទៅកាន់ទីក្រុង​​ញូវដែល្លី ​រដ្ឋធានី​របស់ប្រទេស​ឥណ្ឌា ​កាលពីព្រឹកថ្ងៃទី​​២១ ​ធ្នូ សំរាប់ដំណើរ​​ទស្សនកិច្ច​​រយៈ​ពេល​​២ថ្ងៃ ហើយ​ដំណើរទស្សន​កិច្ច​នោះត្រូវ​បានគេមើលឃើញ​ថា ​ជា​ឱកាស​​មួយនៃ​ការស្វះស្វែង​រក​ការចុះហត្ថ​លេខា​​​លើកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ ​និងកិច្ច​ព្រម​ព្រៀង​​ផ្នែកការពារ​​ជាមួយឥណ្ឌា​ ដែលជា​ដៃគូ​​ផ្នែកការទូត​ និងពាណិជ្ជ​កម្ម​ជា​ប្រវត្តិសាស្ត្រ​​របស់​រុស្ស៊ី ។#ដំណើរ​ទស្សន​កិច្ច​​របស់លោក​ម៉េ​ដ​វេដេវ ​ទៅកាន់​​ប្រទេស​ឥណ្ឌា​​ធ្វើឡើង​​ក្រោយពី​ដំណើរ​ទស្សនកិច្ច​​នៅប្រទេស​​នេះ​ ​របស់​មេដឹកនាំ​​នៃ​ប្រទេស​​អង់គ្លេស ​អាេមរិក បារាំង និងចិន ។​#តាមប្រភពព័ត៌មាន​​ពីប្រទេស​ឥណ្ឌា​ថា ក្នុង​អំឡុង​ពេល​​នៃ​ដំណើរ​​​ទស្សន​កិច្ច​រយៈ​ពេល​​២ថ្ងៃ​នោះ​លោក​ប្រធានាធិបតី​​ម៉េ​ដវេ​ដេវ ​ត្រូវ​បាន​​គេ​រំពឹង​ថា នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ផ្នែក​នុយក្លេអ៊ែរ​ និងកិច្ច​ព្រមព្រៀង​​ផ្នែក​​ការពារ​មាន​តំលៃ​​រាប់ពាន់​លាន​​ដុល្លារជា​មួយ​ប្រទេស​​ឥណ្ឌា​​។ ក្នុង​​កិច្ច​ព្រមព្រៀង​​នោះ ក៏​​នឹង​រាប់បញ្ចូល​​​ផងដែរ​​​នូវការផ្គត់ផ្គង់​​ម៉ាស៊ីន​​រ៉េអាក់​ទ័រ ផលិត​ថាមពល​​នុយក្លេអ៊ែរ​​របស់​រុស្ស៊ី​​ទៅ​ឱ្យ​ឥណ្ឌា ។​ #លោកម៉េដវេ​ដេវ ​ថ្លែង​ថា ឥណ្ឌា និង​រុស្ស៊ី ​មាន​ទំនាក់ទំនង​​ដែល​​មិនអាច​កាត់ផ្តាច់​បាន​ជា​មួយគ្នា​៕