លោក​ឌីយ៉ា​ហ្គោ ​ហ្វ័រណង់​ដេស ឌី​សេវ៉ា​ល​ឡូ ជាអ្នកនយោ​បាយ​​​លេច​ធ្លោ​មួយ​រូបរបស់​​ប្រទេសម៉ិចស៊ិក ​ដែល​​ចាប់​ពង្រត់​​កាលពីខែ​ឧសភា កន្លងមក​ ត្រូវ​បានដោះលែង​​វិញហើយ​​​វិលត្រឡប់​ទៅកាន់​​ភូមិគ្រឹះ​របស់​លោក​ ដោយ​សុវត្ថិ​ភាព​ ក្រោយពី​ត្រូវចាប់ពង្រត់​​អស់​រយៈ​ពេល​​៧ខែ ។ លោកឌីយ៉ាហ្គោ ថ្លែង​ប្រាប់​​អ្នកកាសែត​ជាច្រើន​នាក់ ដែល​​ប្រមូល​ផ្តុំ​គ្នា​នៅ​បរិ​វេណ​​ខាងក្រៅ​​ភូមិ​​​គ្រឹះ​របស់​លោក ក្នុងទីក្រុង​​ម៉ិច​ស៊ីកូ​ថា រូបលោក​សុខសប្បាយ​​ជាទេ ហើយ​លោក​​អរគុណ​​ព្រះ ហើយ​ចាប់​ពីពេល​នេះ​តទៅ​រូប​លោក​នឹង​បន្ត​រស់នៅ​ដូចធម្មតា​ទៀត ។ លោក​បានបន្ត​ថា ក្នុងនាម​ជា​អ្នកមាន​ជំនឿ​​លើ​ព្រះ​ម្នាក់ រូបលោកសុខ​ចិត្ត​​អភ័យទោស​​ដល់អ្នក​​ចាប់​ពង្រត់​​រូបលោក ។​#លោកឌីយ៉ាហ្គោ ​ហ្វ័រ​ណង់ដេស ​ជាអតីត​ព្រឹទ្ធ​សភា​ ហើយជា​​សម្ព័ន្ធមិត្ត​​ជិតស្និទ្ធ​​របស់​ប្រធា​នា​ធិបតី​​ម៉ិចស៊ិក​ លោក Felipe Calderon បាន​បាត់​ខ្លួន​​នៅថ្ងៃទី​១៤ ឧសភា ​កន្លងមក​ នៅ​ក្បែរ​​កសិដ្ឋាន​​ចិញ្ចឹម​សត្វ​របស់​លោក​ក្នុងរដ្ឋ Quere-taro ភាគកណ្តាល​​ប្រទេសម៉ិចស៊ិក ។ ក្រោយ​មក​​​លេច​ឮព័ត៌មាន​​ថា លោកត្រូវ​បានចាប់ពង្រត់ ។​​#លោក​ឌីយ៉េហ្គោ ​ក៏ជាអតីត​​បេក្ខ​ជន​​សំរាប់​តំណែង​​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតី​របស់ប្រទេ សម៉ិចស៊ិក​កាលពី​ឆ្នាំ​​១៩៩៤ កន្លងមក សំរាប់​គណបក្ស​​​នយោ​បាយ​​មួយ ​ជា​ដៃ​គូ​របស់​គណបក្ស​​ដែលស្ថិត​ក្រោម​​ការ​ដឹក​នាំ​​របស់លោក Felipe Calderon ជាហេតុធ្វើ​​ឱ្យ​មន្ត្រី​​នានា​​សន្និដ្ឋាន​ថា លោក​ប្រហែល​​ជា​ត្រូវ​ចាប់​ពង្រត់​​ដោយ​ក្រុមអ្នក​រត់ពន្ធ​​ថ្នាំ​​ញៀន​ណាកូ​ទិក ៕