ភ្នំពេញៈ ខណៈដែលសំឡេងភ្លេងការ កាន់តែខិតជិតចូលមកដល់ តារាស្រីសម្បុរស្រអែមស្រស់ កញ្ញា សារាយ សក្ខណា បានប្រាប់ឲ្យដឹងថា នាងកាន់តែភ័យបុកពោះខ្លាំងឡើងៗ ព្រោះនៅពេលរៀបការរួច នាងត្រូវរៀបចំខោអាវ ចេញទៅរស់ នៅឯនាយសមុទ្រតាមស្វាមី។ ក្នុងនោះស្រីស្អាត រូបនេះ ក៏បានបង្ហាញពីការព្រួយបារម្ភ នៅពេលនាងចេញ ទៅរស់នៅក្រៅប្រទេស ព្រោះតែនាងមិនសូវចេះភាសាក្នុងទំនាក់ទំនងគ្នា ។

តារាស្រីដែលកំពុងតែក្តាប់បាន ប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងឆ្នាំ២០១៣ កញ្ញា សារាយ សក្ខណា ដែលកន្លងមកធ្លាប់បាន ប្រកាសថា នាងអាចបញ្ចប់អាជីពសិល្បៈ នៅឆ្នាំក្រោយ បន្ទាប់ពីនាងរៀបការមានគ្រួសារ ដោយសារស្វាមីនឹងធានានាង ចេញ ទៅរស់នៅក្រៅប្រទេសជាមួយគ្នា ដោយត្រូវបង្ខំឲ្យនាងត្រូវឃ្លាតឆ្ងាយ ពីវិស័យសិល្បៈទាំងចិត្ត មិនដាច់អាល័យ ។

កញ្ញា សារាយ សក្ខណា បានព្រលយឲ្យដឹងថា នាងនៅតែប្រកាន់ ជំហររៀបការ នៅថ្ងៃទី១២-១២-២០១៣នេះ មិនផ្លាស់ប្តូរទេ ទោះជាពេលនេះសន្ទុះការងាររបស់នាង កំពុងតែមមាញឹកកើបប្រាក់យ៉ាងណាក្តី ព្រោះថាជារឿងធម្មតា របស់មនុស្សស្រី គឺសំខាន់ណាស់ ការរៀបការបង្កើតគ្រួសារ។ ដូច្នេះហើយទើបនាងសម្រេចចិត្តរៀបការ នៅក្នុងឆ្នាំនេះតែម្តង មុនក្រោយគង់រៀបការដដែលហ្នឹង ។

ពិធីការិនី តារាសម្ដែង និងជាតារាបង្ហាញម៉ូដ សារាយ សក្ខណា ក៏បានបង្ហាញពីការព្រួយបារម្ភ ផងដែរថា “ ខ្ញុំមានការព្រួយបារម្ភខ្លះ ក្រោយពេលរៀបការរួច ព្រោះថាខាងស្វាមីខ្ញុំ គាត់ធានាខ្ញុំទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក ខ្ញុំពិតជាមានអារម្មណ៍ភ័យផង អរផងម៉េចមិនដឹងទេ...! ព្រោះថាការនិយាយភាសាអង់គ្លេស ហាក់នៅមានកម្រិត។ ដូច្នេះ ត្រូវទាមទារឲ្យខ្ញុំចំណាយពេលរៀនបន្ថែមទៀតឲ្យច្រើន ដើម្បីងាយស្រួល ក្នុងការទាក់ទង ឬក៏បង្កើតមុខរបរ រកស៊ីនៅលើទឹកដីនោះ.. ” ។

កន្លងមក ធ្លាប់មានព័ត៌មាន ចុះផ្សាយថា ក្រោយពី កញ្ញា សារាយ សក្ខណា រៀបការរួច នាងចេញទៅរស់នៅក្រៅប្រទេស និងបានធ្វើជាថៅកែស្រី នៅក្នុងក្រុមហ៊ុនមេធាវី ដែលចាយទុនជាង១០ម៉ឺនដុល្លារ ។ ប៉ុន្តែមិនឃើញនាងបង្ហើបពី ព័ត៌មាននេះឡើយ ដោយនាងគ្រាន់ តែបង្ហើបយ៉ាងខ្លីថា “នៅពេលទៅរស់នៅលើទឹកដីសម្បូរដុល្លារនោះ ខ្ញុំមានបំណងចង់ បើកហាងសាឡនសមល្មមមួយ រកស៊ីនៅទីនោះ ។ ពេលទំនេរ ថ្ងៃសៅរ៍-អាទិត្យ ប្រហែលជាខ្ញុំអាចឆ្លៀតពេល ទៅច្រៀងសម្តែងខ្លះៗព្រោះថាមិនចង់ឈប់ពីសិល្បៈទាំងស្រុងទេ.. ” ៕

Looking

Looking

Looking

Looking