កាលពីព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១២ នេះ គេឃើញមាន រថយន្តដឹកកម្មករកម្មការិនី ជាច្រើនពាន់នាក់ បានដង្ហែរ គ្នាឆ្ពោះទៅ កាន់មុខព្រះបរមរាជវាំង ដើម្បីចូលរួមក្នុងពិធី គោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបាទសម្តេចតា សម្តេចតាទួត នៃយើង។

តាមប្រភពព័ត៌មានពីបឹងកេងកង អោយដឹងថា ក្រុមកម្មករ កម្មការិនី រាប់ពាន់នាក់ បានជួបជុំគ្នានៅករិយាល័យរបស់សហជីពមួយនៅបឹងកេងកង នៅមុនពេលពួកគេដង្ហែរក្បួនមកកាន់មុខព្រះបរមរាជវាំង។

ការចូលរួមពីសំណាក់កម្មករ កម្មការិនីជាច្រើនពាន់នាក់បែបនេះ ត្រូវបានគេជឿថា ដើម្បីសំដែងការគោរពចំពោះព្រះមហាវិរក្សត្រខ្មែរ និងដើម្បីជាការព្រមាន ឬបង្ហាញការប្រឆាំងចំពោះស្ដ្រីជនជាតិចិនម្នាក់ ជាអ្នកគ្រប់គ្រងរោងចក្រមួយកន្លែង ដែលបានហែករូបព្រះឆាយាលក្ខណរបស់អង្គសម្ដេចតា។

ប្រភពព័ត៌មាននានាបានអោយដឹងថា កម្មករ កម្មការិនីរាប់ពាន់នាក់ខាងលើនេះ មកពីបណ្ដារោងចក្រជាច្រើនជុំវិញក្រុងភ្នំពេញ ពិសេសគឺបណ្ដារោងចក្រមកពីខណ្ឌមានជ័យ។ ម្យ៉ាងទៀត នេះគឺថ្ងៃសំខាន់ចុងក្រោយនៃការគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ ៧ថ្ងៃ របស់សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើងទាំងអស់គ្នា ដូច្នេះគេគិតថា នឹងមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់ មកពីគ្រប់ទិសទី៕
ដោយ ៖ វិចិត្រ