គិលានុបដ្ឋាយិកា ៣នាក់ នៅមន្ទីរពេទ្យ Naradhiwas Rajanagarindra ប្រទេសថៃ បានធ្វើការសុំទោស ជាសាធារណៈ ដល់សាធារនជន សម្រាប់ទង្វើនៃការថតរូប លេងសើចជ្រុល ដែលពួកនាងបានថតលេងនៅក្នុងបន្ទប់ សង្គ្រោះ។
រូបថតដែលថតដោយ គិលានុបដ្ឋាយិកា ទាំងនោះបានបង្ហាញឲ្យឃើញថា មាន២នាក់ ក្នុងចំណោមពួកគេទាំងអស់ ៤នាក់ បានបង្ហាញពីភាពរីករាយដោយលើកម្រាមដៃពីរ ធ្វើរាងអក្សរ V (Victory) នៅក្បែរសាកសពជនរងគ្រោះម្នាក់ ដែលទើបតែបាត់បង់ជីវិត នៅក្នុងបន្ទប់សង្គ្រោះ។
តាមប្រភពបានឲ្យដឹងថា លោក Pol Sgt Nimit Deewong អាយុ ៣៥ឆ្នាំ គឺជាបុគ្គលិកម្នាក់ ក្នុងចំណោមបុគ្គលិកសន្តិសុខមួយចំនួនផ្សេងទៀត ដែលបានបាត់បង់ជីវិត នៅក្នុងការផ្ទុះគ្រាប់បែកនៅ Narathiwatកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។
រូបភាពនេះ ត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ពាសពេញបណ្តា Forum និងបណ្តាញទំនាក់ទំនងសង្គម។ មនុស្សជាច្រើន បានបញ្ចេញមតិ ធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើក្រមសីលធម៌ ក៏ដូចជាទង្វើមិនត្រូវទំនង របស់បណ្តាគិលានុបដ្ឋាយិកា ទាំងនោះ។
បន្ទាប់ពីរឿងនេះបានកើតឡើងមក ប្រធានមន្ទីរពេទ្យ លោក Chatchai Srinamwong បានទទួលស្គាល់ថា រូបភាពនេះ គឺពិតជាត្រូវបានថតនៅក្នុងមន្ទីរពេទ្យ ដែលលោកកំពុងតែគ្រប់គ្រងមែន។ទន្ទឹមនឹងនោះ លោកក៏បានបន្ថែមឲ្យដឹងថា ទង្វើបែបនេះ គឺពិតជារំលោភ ទៅលើសិទ្ធិរបស់អ្នកជម្ងឺ ប្រាសចាកក្រមសីលធម៌ គ្រូពេទ្យ ហើយក៏បាននិយាយបញ្ជាក់ឲ្យដឹងថា គិលានុបដ្ឋាយិកាទាំងនេះគឺបាន ខ្វះការយល់ដឹង អំពីទង្វើរបស់ពួកគេ។
គិលានុបដ្ឋាយិកា Patsaroh Rodomasae (អ្នកដែលបង្ហាញមុខនៅក្នុងរូបភាពនោះ) បានឲ្យដឹងថា នាងមិនមានបំណងរំលោភសិទ្ធិទៅលើអ្នកណាឡើយ។ ក្នុងនោះគិលានុបដ្ឋាយិកា Nosira Doloh(អ្នកដែលបានថតរូប ដោយលើកដៃដាក់សញ្ញា V) ម្នាក់ទៀត បានឲ្យដឹងដែរថា នាងមិនបានគិតដល់ថា វាបានរំលោភទៅលើអ្នកណានោះទេ សកម្មភាពនោះ គ្រាន់តែចង់បញ្ជាក់ថា នាងបានខិតខំយ៉ាងខ្លាំង ក្នុងការបំពេញការងាររបស់ខ្លួន តែប៉ុណ្ណោះ។ ក្រៅពីនេះ នាង Norisa Jehlae (គិលានុបដ្ឋាយិកាម្នាក់ទៀត អ្នកដែលបានថតរូបភាពនេះ) បានធ្វើការសុំអភ័យទោស និងសូមការអធ្យាស្រ័យដល់ពួកនាង ចំពោះអ្វីទាំងអស់ដែលបានកើតឡើងនេះ៕
ប្រែសម្រួល៖ សិលាប្រភព៖ kenh14