គេអាចនិយាយបានថា Kassena គឺជាជនជាតិដែលមានជីវភាពក្រីក្របំផុតក្នុងពិភពលោក ប៉ុន្ដែផ្ទះសម្បែងដែលធ្វើអំពីដី និងលាមកគោរបស់ពួកគេ ស័ក្ដិសមនឹងចាត់ទុកថា ជាស្ថាបត្យកម្មពិសេសបំផុត។

/នៅភាគខាងត្បូងនៃប្រទេស Burkina Faso (ប្រទេសក្រីក្របំផុតមួយ នៅអាហ្វ្រិកខាងលិច) ក្បែរព្រមដែនជាមួយ Ghana មានភូមិតូចមួយ មានឈ្មោះថា Tiébélé ជាកន្លែងរស់នៅរបស់កុលសម្ព័ន្ធ Kassena ។ ភូមិនេះ មានឈ្មោះល្បី ដោយសារតែផ្ទះរបស់ពួកគេ ធ្វើអំពីដី និងលាមកគោ និងមានការតុបតែង យ៉ាងស្រស់ស្អាត។

/ជនជាតិ Kassena បានចាប់ផ្ដើមមកតាំងទីលំនៅ ក្នុងភូមិនេះ តាំងពីសតវត្សទី ១៥ ហើយផ្ទះដីទាំងនេះ គឺជាវប្បធម៌ ប្រពៃណីពីដូនតារបស់ពួកគេ។Burkina Faso គឺជាប្រទេសក្រីក្របំផុតនៅអាហ្រ្វិក ចំណែកតំបន់ Tiébélé ត្រូវបានគេចាត់ជាកន្លែងក្រក្រីបំផុតក្នុងពិភពលោក។ ប៉ុន្ដែប្រជាជនក្នុងភូមិនេះ បែរជាមានវប្បធម៌ ល្អអស្ចារ្យ ពួកគេតែងមានការសប្បាយរីករាយ ជឿជាក់ក្នុងជីវភាពរស់នៅ។ ការសាងសង់ផ្ទះ និងតុបតាំងលំអផ្ទះ ក៏មានរបៀបរៀបរយ។

/ការសាងសង់ផ្ទះនិមួយៗ គឺតែងមានការចូលរួមពីប្រជាជនទាំងឡាយក្នុងភូមិ ហើយការតុបតែងផ្ទះ ត្រូវបានចាត់ទុកជាភារៈរបស់ស្ដ្រីមេផ្ទះ។ វត្ថុធាតុដែលត្រូវបានយកមកសាងសង់ផ្ទះ គឺមាននៅក្នុងភូមិ ដែលពួកគេងាយស្រួលក្នុងការស្វែងរក ដូចជា ដីឥដ្ឋ ឈើ ចម្បើង និងលាមកគោជាដើម។ ផ្ទះមួយខ្នង នឹងមានគ្រឹះធ្វើអំពីថ្ម ជញ្ជាំងធ្វើអំពីដីឥដ្ឋ មានកម្រស់ពី ៣០ទៅ ៤០សង់ទីម៉ែត្រ ចំណែកដំបូលធ្វើអំពីឈើ និងចម្បើង រីឯបង្អួចមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ ដោយគ្រាន់តែមានរន្ធខ្លះដើម្បីទទួលពន្លឺ និងឱ្យខ្យល់ចូល។

/បន្ទាប់ពីដំណាក់កាលសាងសង់ ស្ដ្រីទាំងឡាយ នាំគ្នាប្រើប្រាស់ល្បប់ និងដីស ដើម្បីគូររូបលំអផ្ទះ។ រូបទាំងនោះ អាចជារូបនិមិត្តរូបនៃសាសនា សកម្មភាពរស់នៅ ឬរូបផើងផ្កា។ល។ ក្រោយពីបានគូររួច ពួកគេក៏នឹងជ្រើសរើសថ្មដែលមានពណ៌ប្រហាក់ប្រហែលនឹងរូប ដើម្បីគូសពណ៌ ទើបយកប្រេងរបស់ដើម Nere លាបពីលើ ដើម្បីជួយរក្សាឱ្យរូបភាពគង់វង្សបានយូរ។

/ផ្ទះទាំងនេះ ប្រាកដជាមិនមានផាសុខភាពសម្រាប់រស់នៅនោះទេ ប៉ុន្ដែចំណុចពិសេសរបស់វា កំពុងតែបង្កភាពទាក់ទាញជាខ្លាំង ហើយក៏មានភ្ញៀវទេសចរណ៍កាន់តែច្រើន ទៅទស្សនាស្វែងយល់វប្បធម៌នៅភូមិក្រីក្រមួយនេះ។

ដោយ ៖ តារាប្រភព ៖ dailymail