ព័ត៌មានអន្តរជាតិ ៖ ប្រអប់ខ្មៅពីរ ត្រូវបានក្រុមអ្នកតាមដានស៊ើបអង្កេតរកឃើញ បន្ទាប់ពីមានឧបទ្ទេវហេតុ ធ្លាក់យន្តហោះ នៅពេលចុះចត របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានកើតមានឡើង នូវសោកនាដកម្មដ៏គួរអោយរន្ធត់នេះហើយ បើតាមរបាយការណ៍បញ្ជាក់អោយដឹងថា យុវតីស្រី ដែលជាសិស្សជនជាតិចិន ២ រូបបានស្លាប់បាត់បង់ជីវិត ខណៈក្រុមមនុស្សប្រមាណជាង ១៨០ នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងនោះ ៤៩ នាក់ បានទទួលរងរបួសធ្ងន់។

គួររំឭកផងដែរថា យុវតីស្រី ដែលជានិស្សិតជនជាតិចិន ២ រូបនោះ ខណៈនេះ ពួកគេទាំងពីរនាក់ ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរនោះគឺ នាង Ye Mengtuan និងនាង Wang Linjia ទាំងពីរនាក់ មានវ័យ ១៦ ឆ្នាំ ជាសិស្សមកពីវិទ្យាល័យ Jiangshan ខេត្ត Zhejiang ប្រទេសចិន ពួកគេទាំងពីរនាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលមានការផ្ទុះឆេះផ្នែកខាងក្រោយនៃយន្តហោះ ដែលជាកន្លែងពួកគេទាំងពីរនាក់អង្គុយ ស្របពេលដែលមានឧបទ្ទេវហេតុនៃការចុះចតមួយនេះ ។ យុវតីស្រី ដែលជាសិស្សពីររូបនេះ បានធ្វើដំណើរមកសហរដ្ឋអាមេរិក ដោយមានការអមដំណើរពីសំណាក់គ្រូបង្រៀនរបស់ពួកគេ នាឱកាសសម្រាកលំហែររដូវក្តៅ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ បន្ទាប់ពីបានរកឃើញប្រអប់ខ្មៅទាំងពីរហើយនោះ វាត្រូរបានគេបញ្ជូននិងយកទៅធ្វើការតាមដានស៊ើបអង្កេតហើយ ។ ខាងក្រោមនេះ គឺជាវីដេអូគំរូ 3D ដែលត្រូវបានគេធ្វើឡើង បន្ទាប់ពីកើតមានឡើងនូវសោកនាដកម្មមួយនេះក៏ដូចជាវីដេអូ នៃការធ្លាក់ពិតៗ ជ្រាបកាន់តែច្បាស់ តាមដានបន្តិចទៅ ៖
សំគាល់ ៖ ចុចទីនេះ ដើម្បីមើលវីដេអូ ថតបានពិតៗនៃការធ្លាក់យន្តហោះ ពី CNN ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ