មិនត្រឹមតែអាចបង្ហាញភាពកំប្លែងប៉ុណ្ណោះទេ តែ មនុស្សយន្ដដែលទើបត្រូវបានឧទ្ទេសនាម នៅជប៉ុន ក៏អាចដឹងបានថា ពេលណា សម្ដីកំប្លែងរបស់ខ្លួន ធ្វើឱ្យគេមិនអាចយល់បាន។

/

មនុស្សយន្ដ Robot EMIEW2 មានកម្ពស់ ៨០ស.ម អាចជជែកគ្នាលេង ជាមួយមនុស្ស ដោយមិនចាំបាច់សរសេរពាក្យសន្ទនាជាមុន។ មនុស្សយន្ដដែលមានពណ៌ក្រហម និងស នេះ នឹងជ្រើសរើសពាក្យគន្លឹះទាំងឡាយ ក្នុងឃ្លានិមួយៗ ដើម្បីរកនឹកចម្លើយ សម្រាប់សំនួរដែលបានសួរ ហើយបញ្ជាក់នូវសំនួរឡើងវិញ មុននឹងឆ្លើយតប។

ក្រុមវិស្វករនៃក្រុមហ៊ុនបច្ចេកវិទ្យា Hitachi បានបង្កើតកម្មវិធីសម្រាប់មនុស្សយន្ដ ជួយឱ្យវាអាចយល់អំពីការប្រតិកម្មតបរបស់មនុស្ស រួមទាំងកាយវិការមិនមានសម្លេង ដូចជាងក់ក្បាលជាដើម។ តាមរយៈនេះ មនុស្សយន្ដនឹងអាចកំណត់បានថា តើមនុស្សដែលកំពុងសន្ទនាជាមួយវា អាចយល់នូវការនិយាយកំប្លែងរបស់វាដែរ ឬអត់។

/

ឧទាហរណ៍ នៅពេលត្រូវបានគេសួរថា ៖ “មានមនុស្សប៉ុន្មាននាក់ កំពុងធ្វើការនៅក្នុងរោងចក្រ Hitachi ?” មនុស្សយន្ដឆ្លើយថា “យើង មានទេពអប្សរចំនួន ២អង្គ” ។ ប្រសិនអ្នកដែលកំពុងសន្ទនា បង្ហាញកាយវិការឆ្ងល់ ឬសង្ស័យ មនុស្សយន្ដនេះ នឹងនិយាយថា “នេះ គ្រាន់តែនិយាយលេងទេ” ហើយវា ក៏ឆ្លើយនូវចម្លើយត្រឹមត្រូវ ដោយយោងតាមទិន្នន័យដែលមានស្រាប់។

វិស្វករ Hisashi Ikeda ថ្លែងថា បច្ចេកវិទ្យាថ្មីនេះ នឹងបើកផ្លូវ ឱ្យមានមនុស្សយន្ដ ដែលអាចយល់អំពីភាសារបស់មនុស្ស ក្នុងនោះ រួមទាំងកាយវិការ និងទឹកមុខផងដែរ។ តាមគម្រោង Hitachi នឹងផលិតមនុស្សយន្ដនេះ ទៅតាមរូបរាងផ្សេងៗ ដូចជា សត្វចិញ្ចឹម ឬបុគ្គលិកទទួលភ្ញៀវជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ nydailynews/youtube