កាលពីវេលាម៉ោងជិត ៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ ប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីម្នាក់ នៅក្នុងវាលស្រែមួយ ក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដោយមានសភាពស្អុយហើមរលួយ អស់ទៅហើយ។ ការប្រទះឃើញសពស្រ្តីនេះ ធ្វើឲ្យអ្នកស្រុកមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅលើរាងកាយសព មានស្លាកស្នាមវះពោះផងដែរ។

តាមប្រភពព័ត៌មានដើមអម្ពិលបានឲ្យដឹងថា សពស្រ្តីរងគ្រោះនេះត្រូវបានប្រជាពលរដ្ឋរស់នៅជាមួយគ្នាស្គាល់ មានឈ្មោះ សៅ លី អាយុ៤០ មានទីលំនៅ ក្នុងភូមិ-ឃុំកើតហេតុខាងលើ។​បើយោងតាមប្រភពសមត្ថកិច្ចនគរបាលជំនាញ មិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេ អំពីការស្លាប់របស់ស្ត្រីខាង លើនេះ ថាតើជាការស្លាប់ ដោយករណីធ្វើឃាត ឬដោយវិធីណានោះ។

នគរបាលដដែល បានបញ្ជាក់ទៀតថា សពស្រ្តីខាងលើនេះ បានស្លាប់យ៉ាងតិចណាស់ ក៏រយៈពេល៣ថ្ងៃមកហើយ ស្របពេលដែលក្រុមគ្រួសារ បានរាយការណ៍ពីដំណឹងបាត់ខ្លួនតាំងពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២ មកម្ល៉េះ។ នគរបាលជំនាញ កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវទៅលើករណីខាងលើនេះ។

/

គួរបញ្ជាក់ថា ចំណុចដែលគេប្រទះឃើញសពស្រ្តីរូបនេះ គឺជាតំបន់សម្បុកជួញដូរគ្រឿងញៀន កន្លងមក សមត្ថកិច្ច ធ្លាប់បង្រ្កាបជាច្រើនករណីមកហើយ៕

ដោយ៖ មិនាប្រភព៖ DAP news