ភ្នំពេញ៖ លោក ម៉ៃ សុគន្ធ ដែលជាជនរងគ្រោះត្រូវបានម្ចាស់ ផលិតកម្មក្លាស៊ីក លោក ហួរ សុផល ចេញមូលប្បទានប័ត្រ (សែក) អត់សាច់ប្រាក់ចំនួន ២ម៉ឺនដុល្លារនោះ បានធ្វើការទទូច ស្នើរឲ្យសាលាដំបូង ពន្លឿននីតិវិធីដោះស្រាយលើករណីនេះ ឲ្យបានឆាប់រហ័សដោយឲ្យ លោក សុផល សងសំណងសមស្របណាមួយ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្រោយពីម្ចាស់ផលិតកម្មក្លាស៊ីក លោក ហួរ សុផល ត្រូវបានជនរងគ្រោះដាក់ ពាក្យបណ្តឹងប្តឹងទៅ តុលាការសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោកចេញ មូលប្បទានប័ត្រ (សែក) អត់ទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ហើយកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣កន្លងទៅនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឯក ឆេងហួត បានធ្វើការចោទប្រកាន់ និងឃុំខ្លួនជនជាប់ចោទ បណ្តោះអាសន្ននៅពន្ធនាគារ ។ ប៉ុន្តែត្រូវបានចៅក្រមស៊ើបសួរដោះលែង ជនជាប់ចោទឲ្យនៅក្រៅឃុំ នៅថ្ងៃបន្ទាប់ដោយជនរងគ្រោះ មិនទាន់បានទទួលសំណងឬ ការសាកសួរណាមួយឡើយ ។

បុរសម្នាក់ដែលជាដើមបណ្តឹង និងជាជនរងគ្រោះ លោក ម៉ៃ សុគន្ធ បានប្រាប់ LookingTODAY ឲ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣នេះថា ចាប់តាំងពីថ្ងៃទី១០ ខែតុលារហូតមក ដល់ពេលបច្ចុប្បន្ននេះ “ តុលាការសាលាដំបូងមិនទាន់មាន វិធានការឬក៏បង្ហាញពីកាលបរិច្ឆេទ បើកសវនាការក្នុង សំនុំរឿងនេះនៅឡើយទេ ហើយក្នុងនាមខ្ញុំជាជនរងគ្រោះ ស្នើរសុំដល់តុលាការ ពន្លឿននីតិវិធី ដោះស្រាយក្នុងសំណុំរឿងនេះ ឲ្យបានឆាប់រហ័ស ដើម្បីសងសំណង ដល់ខ្ញុំនិងផ្តន្ទាទោស លើជនជាប់ចោទ តាមផ្លូវច្បាប់” ។

ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា លោកហួរ សុផល ដែលទស្សនិកជន ភាគច្រើនបាន ស្គាល់យ៉ាងច្បាស់ថា ជាបងប្រុសបង្កើត របស់តារាចម្រៀង កញ្ញា សុគន្ធ អារីយ៉ា បានសារភាពថាលោក សុផល ពិតជាបានខ្ចីលុយពីលោក (ជនរងគ្រោះ) ចំនួនទឹកប្រាក់ ២ម៉ឺនដុល្លារ ប្រាកដមែនហើយក្រោយមក លោក សុផល បានចេញសែកមួយសន្លឹក អត់ទឹកប្រាក់ឲ្យទៅលោក ។

លោកម៉ៃ សុគន្ធបានប្រាប់បន្ថែមទៀតថា នៅក្នុងនោះខាង ធនាគារអេស៊ីលីដា ក៏បានចេញលិខិតបញ្ជាក់ ថាក្នុងលេខកុងធនាគាររបស់ លោក ហួរ សុផល អត់មានសាច់ប្រាក់ទេ ដោយនៅក្នុងនោះ មានទាំងស្នាម មេដៃផ្តិតនៅលើសែក អត់សាច់ប្រាក់និងស្នាមមេដៃ ដែលបើកកុងនៅធនាគារ និងអត្តសញ្ញាណប័ត្រ គឺជារបស់ជនជាប់ចោទ តែម្នាក់គត់ ។

គួរបញ្ជាក់ផងដែរថា លោក ហួរ សុផល គឺជាម្ចាស់ផលិតកម្មក្លាស៊ីក ហើយនាពេលកន្លងមកម្ចាស់ ផលិតកម្មរូបនេះ ក៏ធ្លាប់បានបោកបក់ប៉ះពាល់ ព័ត៌មានអាស្រូវ មិនតិចដែល ដោយកាលពីពេលថ្មីៗនេះ ទើបតែលេចឮព័ត៌មាន ថាលោកបាន សម្រេចចិត្តបិទផលិតកម្ម ដោយសារតែក្ស័យធន មិនទាន់ស្ងប់ផង ក៏ស្រាប់តែលោកត្រូវ បានព្រះរាជអាជ្ញា រងអមសាលាដំបូងសម្រេចឃុំខ្លួន បណ្តោះអាសន្ន នៅរសៀល ថ្ងៃទី១០ ខែតុលា តែក្រោយមកត្រូវបានចៅក្រម ស៊ើបសួរដោះលែងឲ្យនៅក្រៅឃុំវិញ ៕

Photo

(ឆ្វេង) ជនរងគ្រោះ លោក ម៉ៃ សុគន្ធ និង លោក ហួរ សុផល

Photo

Photo

Photo

Photo

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល