Samsung កំពុងតែមានគំរោងធំៗជាច្រើន ដែលត្រូវធ្វើនៅក្នុង ពេលវេលាខាងមុខ ព្រោះថាក្រៅតែពីគំរោង បង្ហាញនូវស្មាតហ្វូនអេក្រង់ ដែលអាចពត់បាននៅក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនសារជីវកម្មអេឡិចត្រូនិចកូរ៉េ កាលពីពេលថ្មីៗនេះ ក៏បានបង្ហើបឲ្យដឹងថា ពួកគេនឹងបង្ហាញនូវបណ្តាស្មាតហ្វូន ដែលត្រូវបានបំពាក់នូបអេក្រង់មានកំរិត Resolution WQHD (2560 x 1440) នៅឆ្នាំក្រោយ (ឆ្នាំ ២០១៤)។ ជាក់ស្តែង Samsung បានឲ្យដឹងថា ពួកគេកំពុងតែអភិវឌ្ឍបន្ទះអេក្រង់ AMOLED, ទំហំ 5,2 សម្រាប់ស្មាតហ្វូន ដែលមានដង់ស៊ីតេភិចស្យែល 560ppi។ មិនទាន់បញ្ចប់ត្រឹមនេះ នៅឆ្នាំ ២០១៥ Samsung នឹងបញ្ចេញនូវអេក្រង់ប្រភេទ 4K នៅលើស្មាតហ្វូន (4K ឬ Ultra HD មានរីសូលុយស្យុង 3840 x 2160)។
នេះគឺនិយាយពីផ្នែកអេក្រង់ ពេលនេះយើងស្វែងយល់ពីផ្នែកកាមេរ៉ា និង CPU នៅលើបណ្តាស្មាតហ្វូនអនាគតរបស់ Samsung វិញ។ ក្នុងនោះ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ពួកគេកំពុងតែមានគំរោងនាំយកនូវកាមេរ៉ាទំហំ 16MP នៅលើស្មាតហ្វូន រីឯ CPU នឹងប្រើប្រាស់ chip ARM 64-bit ។
ទាំងអស់នេះ គឺជាចំនុចពិសេសៗ ដែលលទ្ធភាពច្រើននឹងបង្ហាញខ្លួន នៅលើស្មាតហ្វូន Samsung នៅឆ្នាំក្រោយ៕
