បង់ក្លាដេស្ស ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស CNN កាលពីវេលាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មកទល់នឹងពេល ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារការបាក់រលំអាគាររោងចក្រកំពស់ ៨ ជាន់ បានកើនឡើងដល់ ៦២០ នាក់ហើយ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងថា ករណីបាក់រលំអាគារកំពស់ ៨ ជាន់មួយនេះ ត្រូវបានសន្មត់ថា ជាឧបទ្ទេវហេតុ ក៏ដូចជា សោកនាដកម្មដ៏អាក្រក់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ប្រទេសបង់ក្លាដេស្ស ស្របពេលដែលមនុស្សជាង៦២០ នាក់ ត្រូវបានសម្លាប់ ខណៈរាប់ពាន់នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។
គួរបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃអាទិត្យ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ បានអោយដឹងថា ចំនួនជនរងគ្រោះអាចកើតឡើងលើសពីនេះទៅទៀតក៏ថាបាន ក៏ព្រោះយុទ្ធនាការតាមរុករកអ្នកបន្តរស់រានមានជីវិត ក៏ដូចជាសាកសព នៅតែបន្តមាននៅឡើយ ។ ដោយឡែក មានមនុស្សរាប់រយនាក់ បានបន្តការប្រមូលផ្តុំនៅជិតកន្លែងកើតហេតុ ដើម្បីរង់ចាំដំណឹងស្តីពីការបាត់ខ្លួនមនុស្សជាទីស្រឡាញ់របស់ពួកគេ។

គួររំឭកផងដែរ កាលពីថ្ងៃពុធ ទី២៤ ខែមេសាកន្លងទៅ មានសោកនាដកម្មបាក់រលំអាគាររោងចក្រកំពស់ដល់ទៅ ៨ ជាន់ ក្នុងក្រុង ដាកា ប្រទេសបង់ក្លាដេស្ស ដែលបានសម្លាប់មនុស្សរាប់រយនាក់ ខណៈរាប់ពាន់នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និង ស្រាល ហើយករណីគ្រោះថ្នាក់លើកនេះ ត្រូវបានសន្មត់ថា ជាគ្រោះសោកនាដកម្មដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងទំព័រប្រវត្តិសាស្រ្តរបស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ cnn