នៅពេលជិះកង់ ឬម៉ូតូ តើអ្នកធុញទ្រាន់នឹងការពាក់មួកការពារសុវត្ថិភាព ដែលធ្វើឲ្យបាត់បង់សម្រស់សក់នោះទេ? ដើម្បីឆ្លើយតបនឹងបញ្ហានេះ អ្នកច្នៃម៉ូដជនជាតិស៊ុយអែតពីរនាក់បាន បង្កើតនូវផលិតផលថ្មី នោះគឺមួកសុវត្ថិភាពបំបាំងកាយ ដែលវាមានទ្រង់ទ្រាយជាកអាវ ហើយរុញបំផុសពោងខ្យល់ចេញមកក្រៅ តែក្នុងករណីមានគ្រោះថ្នាក់តែប៉ុណ្ណោះ ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា មួកសុវត្ថិភាពបំបាំងកាយនេះត្រូវបានគេឲ្យឈ្មោះថា Hovding ។ ក្រៅពីផ្ដល់ឲ្យអ្នកពាក់នូវភាពទំនើបទាន់សម័យ វាក៏អាចការពារសុវត្តិភាពក្បាលរបស់លោកអ្នកផងដែរ។

បច្ចេកវិទ្យាផលិតមួកសុវត្ថិភាពបំបាំងកាយនេះ គឺ យកលំនាំតាមពោងសុវត្ថិភាពនានា ដែលបំពាក់នៅក្នុងរថយន្ត។ មួកសុវត្ថិភាពនឹងលាក់ខ្លួនក្នុងកអាវរហូត លុះត្រាតែក្នុងករណីមានគ្រោះថ្នាក់ ដួលឬ ប៉ះពារផ្សេងៗ ទើបវាគ្រលាស់ខ្លួនចេញពីក្នុងកអាវ ហើយស្រូបខ្យល់បំពេញតួពោងដោយស្វ័យប្រវត្តិ។
ការបញ្ចេញពោងសុវត្ថិភាពការពារក្បាលនេះ គឺត្រូវបានបញ្ជាដោយ ប្រព័ន្ធ sensors វិភាគចលនាគ្រោះថ្នាក់។ ក្រៅពីនេះ មួកសុវត្ថិភាពតម្លៃ៦០០ដុល្លារអាមេរិកនេះក៏មានបំពាក់ដោយប្រព័ន្ធថតខ្សែអាត់ ឬ black box ដែលអាចផ្ដិតរូបភាពហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅរយៈពេល ១០ វិនាទី ចុងក្រោយផងដែរ ។ អ្នកច្នៃម៉ូដក៏បានស្នើ ឲ្យអ្នកប្រើប្រាស់ផ្ញើខ្សែអាត់នោះត្រឡប់មកវិញ ដើម្បីតាមដានពីផលិតផលរបស់ខ្លួន ដើម្បីស្វែងរកចំណុចខ្វះខាតនិងធ្វើការអភិវឌ្ឍន៍កែកុនមួកសុវត្ថិភាពបំបាំងកាយនេះឡើងវិញ៕
ដោយ ៖ ពិសីប្រភព ៖ wired