ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៣ នាក់ដែលជាជនជាតិអាហ្រ្វិក ត្រូវបានរកអោយឃើញថាបានដេកលាក់ខ្លួននៅក្នុងក្តារមឈូស ក្នុងគោលបំណងចូលក្នុងប្រទេសអង់គេ្លស ដោយខុសច្បាប់នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ការវែកមុខជនលាក់ខ្លួនក្នុងក្តារមឈូសនេះគឺជាស្នាដៃពិសេសរបស់ Mitzy ដែលជាឆ្កែមួយក្បាលមានជំនាញខ្ពស់ក្នុងការតាមដានហិតក្លិន។ លើសពីនេះទៅទៀត បើយោងទៅតាមសម្តីមន្រ្តីផ្លូវការ Paul Morgan ក៏បានបន្ថែមថា ពួកគេបានប្រទះឃើញជនលាក់ខ្លួនក្នុងក្តារមឈូសទាំង ៣ នាក់នោះ នៅលើរថយន្តដឹកក្តារមឈូសមួយ ដែលធ្វើការនាំចេញពីប្រទេសប៊ុលហ្គារី ទៅប្រទេសអង់គ្លេស។
មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានបញ្ជាក់បន្ថែមថា ពួកយើងបានចាត់វិធានការដ៏តឹងរឹងជាទីបំផុតក្នុងការវែកមុខជនអន្តោប្រវេសន៍ខុសច្បាប់ ចូលទឹកដីប្រទេសអង់គ្លេសដោយនៅក្នុងនោះបានប្រើបា្រស់នូវសត្វឆ្កែតាមដានហិតក្លិន ក៏ដូចជា ឧបករណ៍តាមដាន ក៏ដូចជារកអោយឃើញនូវចង្វាក់បេះដូងរបស់មនុស្សជាដើម៕