ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស reuters ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មានឧបទ្ទេវហេតុដែនអាកាសមួយបានកើតឡើង ពោលគឺ យន្តហោះអ្នកដំណើរ មួយគ្រឿងបានធ្លាក់ក្នុងអ័ព្ទក្រាស់នៅក្បែររដ្ឋធានីពាណិជ្ជកម្ម អាល់ម៉ាទី របស់កាហ្សាក់ស្ថានកាលពីថ្ងៃពុធ និង បានបែកទៅជាបំណែកតូចៗ នៅពេលដែលវាបុកដី បង្កឲ្យស្លាប់មនុស្សទាំងអស់២១នាក់ដែលនៅក្នុងយន្តហោះ។

គួររំឭកផងដែរថា សេវាកម្មគមនាគមន៍កណ្ដាលរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន បាននិយាយក្នុងទ្វីតធើររបស់ខ្លួនថាជាច្រើនម៉ោងក្រោយមក ក្រុមជួយសង្គ្រោះ បានរកឃើញប្រអប់ខ្មៅយន្តហោះ។ បញ្ជីឈ្មោះដែលត្រូវការិយាល័យអគ្គព្រះរាជអាជ្ញាបោះពុម្ពផ្សាយបានបង្ហាញថា មានអ្នកធ្វើដំណើរ ១៦នាក់ និង ក្រុមអាកាសយានិក៥នាក់នៅលើយន្តហោះ ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា យន្តហោះ Bombardier Challenger CRJ-200 ដែលផលិតនៅប្រទេសកាណាដា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ឯកជនកាហ្សាក់ស្ថាន SCAT ។ វាបានធ្លាក់នៅ ក្បែរភូមិ គីហ្ស៊ីលទូ ចម្ងាយ៥គ.មពីព្រលានយន្តហោះ អាល់ម៉ាទី ។ អនុប្រធានមន្ទីរគ្រាអាសន្នក្រុង លោក យូរី អ៊ីលីយីនបានប្រាប់រ៉យទ័រនៅក្បែរកន្លែងកើតហេតុថា៖«មិនមាន អគ្គិភ័យឬផ្ទុះទេ ។ យន្តហោះដាំក្បាលចុះនិងបុកដីតែប៉ុណ្ណោះ»៕
ដោយ ៖ រិទ្ធីប្រភព ៖ reuters