ភ្នំពេញ៖  តារាចម្រៀង និងជាតារាសម្តែងរាងខ្ពស់សង្ហា លោក អេឡិច ចន្រ្តា បានប្រាប់ឱ្យដឹងថា ចំពោះគម្រោងដែលលោកត្រៀមនឹងចេញ ទៅច្រៀងនិងសម្តែងនៅ ប្រទេសអូស្ត្រាលី ក្នុងខែកក្កដា ឆ្នាំ២០១៣នេះ ត្រូវបានពន្យារពេលខណៈ ដែលប្រទេសកម្ពុជា កំពុងតែរៀបចំ ការបោះឆ្នោត ដើម្បីជ្រើសតាំង តំណាងរាស្រ្ត នាចុងខែ កក្កដា ឆ្នាំ ២០១៣នេះ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣នេះ តារាចម្រៀងមានប្រជាប្រិយភាព និងកំពុងតែទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន លោក អេឡិច ចន្រ្តា បានប្រាប់ឱ្យដឹងថា សម្រាប់ការងារសិល្បៈ ក្នុងស្រុកបច្ចុប្បន្ននេះ គឺរវល់ច្រើន។

លោក អេឡិច ចន្រ្តា បាននិយាយបន្តថា ដំបូងឡើយគិតថាឈានចូលដល់រដូវភ្លៀងនេះប្រហែលជាមិនរវល់ខ្លាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺវាបែរជារវល់ខ្លាំងទៅវិញ ព្រោះពេលនេះ មានគេទាក់ទងមកច្រើន ដូចជាការហៅឱ្យទៅថតស្ប៉តពាណិជ្ជកម្ម ការច្រៀង ការសម្តែងឈុតកាយវិការខារ៉ាអូខេ និងការធ្វើជាពិធីករ នៅប៉ុស្តិ៍ទូរទស្សន៍ជាដើម។

តារាចម្រៀងសាច់សខ្ពស់សង្ហា អេឡិច ចន្រ្តា បានបន្តថា បច្ចុប្បន្ននេះ ក៏មានគេទាក់ទងហៅឱ្យទៅសម្តែងខ្សែភាពយន្ត ។ជាក់ស្ដែង ខាងផលិតកម្មខ្មែរមេគង្គ ក៏បានទាក់ទងហៅទៅថតរឿងភាគ ប៉ុន្តែលោកអត់ទទួលយកការថតនេះទេ ព្រោះតែលោករវល់ការងារខាងក្រៅច្រើន ដូច្នេះទើបគ្មានពេលគ្រប់គ្រាន់ក្នុងការចេញថត។

ជាមួយគ្នានេះ លោក អេឡិច ច័ន្ទតា្រ ក៏បានប្រាប់ឱ្យដឹងថា បើតាមគម្រោងនៅថ្ងៃនេះ គឺលោកនឹងត្រូវចាកចេញពីប្រទេសកម្ពុជា ដើម្បីចេញទៅសម្តែង នៅប្រទេសអូស្រ្តាលី។ ប៉ុន្តែដោយសារក្រុមរបស់លោក ដែលនឹងត្រូវចេញទៅនោះ បានស្នើរសុំទៅខាងអ្នកស្ព៉នស័រ ដើម្បីពន្យារពេលរហូតដល់ការបោះឆ្នោត ទើបចេញទៅសម្តែងនៅទីនោះ។

លោក អេឡិច ចន្រ្តា បានបន្ថែមថា ការស្នើរសុំពន្យារពេលនេះ ព្រោះតែរូបលោកក៏ដូចជាតារាប្រុស-ស្រីឯទៀត មិនចង់ចេញទៅ ដោយមិនបានចូលរួម ក្នុងការបោះឆ្នោត នាអំឡុងចុងខែកក្កដា ឆ្នាំ២០១៣ខាងមុនេះទេ។ យ៉ាងណាក្តី តារាចម្រៀង អេឡិច ចន្រ្តា ក៏បានបញ្ជាក់ប្រាប់ ពីគម្រោងថ្មី ដែលត្រៀមនឹងចេញទៅ ខាងមុខឱ្យដឹងថា សម្រាប់គម្រោង ដែលលោកនឹងត្រូវចាកចេញនៅពេលក្រោយនេះ ប្រហែលជាដើមខែ៨ (សីហា) ឬមួយអាចឈានដល់ ពាក់កណ្តាលខែ កញ្ញាក៏ថាបាន។

លោក អេឡិច ចន្រ្តា បាននិយាយបន្តថា ចំពោះការចេញទៅសម្តែង នៅលើទឹកដីប្រទេស អូស្ត្រាលីលើកនេះគឺ មានតារាប្រុស-ស្រីរបស់ខ្មែរប្រហែល ជា៤ទៅ៥នាក់ នឹងត្រូវចាកចេញធ្វើដំណើរទៅ ជាមួយគ្នា។ លោក និង តារាប្រុស-ស្រីរបស់ខ្មែរទាំងនោះ នឹងស្នាក់នៅលើទឹកដី ប្រទេសអូស្ត្រាលី រយៈពេលមួយខែ ទើបវិញមកស្រុកខ្មែរវិញ។

តារាចម្រៀងប្រុស មានរូបរាងសង្ហាលោក អេឡិច ចន្រ្តា ត្រូវបានគេមើលឃើញថា ជាអ្នកសិល្បៈមួយរូប ដែលមានឱកាសទៅសម្ដែង នៅក្រៅប្រទេស ជាញឹកញាប់ បើប្រៀបធៀបជាមួយតារាផ្សេងៗ ដែលមានឈ្មោះបោះសំឡេង ដូចជារូបលោក ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រ ក៏ដូចជាកេរ្តិ៍ឈ្មោះ របស់លោក ចន្រ្តា ហាក់កំពុងស្ទុះឡើង ទៅមុខជាលំដាប់ផងដែរ៕

width=500

width=500

 

ដោយ ៖ LookingTodayផ្តល់សិទ្ធិដោយ ៖ ដើមអំពិល