ព័ត៌មានអន្តរជាតិ ៖ ក្រុមប្រជាជនជាង ១០០,០០០ នាក់ ប្រឈមនឹងការជម្លៀសចេញពីលំនៅស្ថានរបស់ខ្លួន ទៅកាន់ទីទួលមានសុវត្ថិភាព បន្ទាប់ពីមានការគំរាមគំហែងពីស្ថានភាពគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលកំពុងបោកបក់    មកលើក្រុង  Calgary  នាខេត្ត  Alberta ប្រទេសកាណាដា   នេះបើតាមការដកស្រង់អត្ថបទផ្សាយ   ពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

width=440

ការបញ្ជានាំអោយមានការជម្លៀសប្រជាជន   ធ្វើឡើងទៅលើសហគមន៍ទាំង ៦  ដែលនៅតាមបណ្តោយទន្លេ Elbow River។ លើសពីនេះទៅទៀតប្រភពសារព័ត៌មានដដែលបន្ថែមថា ផ្នែកខ្លះនៃខេត្ត Alberta  អាចនឹងប្រឈមនឹងការធ្លាក់ភ្លៀង  និងកំរិតទឹកជំនន់អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ។

នាយករដ្ឋមន្រ្តីប្រទេសនេះ លោក Stephen Harper បានចេញសេចក្តីថ្លែងការណ៍ប្រកាសអោយដឹងផងដែរថា កងកម្លាំងយោធា  រួមទាំង  ឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ ដើម្បីធានាអោយបានថា   យុទ្ធនាការចេញជួយសង្រ្គោះ  ត្រូវបានធ្វើឡើងទាន់ពេល និងប្រកបទៅដោយប្រសិទ្ធភាព៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN