ប្រទេសចិនបាននិយាយថា ក្រោយពីឯកអគ្គរដ្ឋទូតប្រទេសវៀតណាម កោះហៅខ្លួនចូលប្រជុំកាលពីថ្ងៃព្រហស្បតិ៍រួចមក ប្រទេសចិននៅតែបន្តមិនយល់ព្រម ខណៈពេលដែលសភាវៀតណាម បាននិយាយថា តំបន់ដែលមានជម្លោះគឺកោះ Spratly និង Paracel ស្ថិតនៅជាអធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុង ហាណូយ។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន និងវៀតណាមគឺជាប្រទេសជិតខាងនិងគ្នា តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពយ៉ាប់យ៉ឺនកើតឡើងទាក់ទងទៅនឹង បញ្ហាការទូត ដោយសារបញ្ហា ជម្លោះសមុទ្រចិនខាងត្បូង ដែលនៅក្នុងនោះរូមមានកោះទាំងពីរខាងលើផងដែរ។

បើយោងតាមសម្តីរបស់ រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសចិន លោក Hong Lei បាននិយាយថា ៖ ទង្វើរបស់ប្រទេសវៀតណាមគឺវាផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយប្រទេសចិន ក៏បានបដិសេធជាដាច់ខាតទៅនឹងទង្វើនេះ ។
វៀតណាមក៏កំពុងតែធ្វើអោយបញ្ហាមួយនេះកាន់តែរីកធំឡើង និងកាន់តែស្មុគស្មាញ ដោយសារតែការអះអាងជាឯកតោភាគី ដោយពេលនេះ ប្រទេសចិនមានសិទ្ធិក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។

លោក Hong ក៏បានបញ្ជាក់ផងដែរថា ឯកអគ្គទូតវៀតណាម បានធ្វើអោយរដ្ឋាភិបាលទីក្រុងប៉េកាំង មិនសប្បាយចិត្ត ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសកាលពីថ្ងៃព្រហស្បតិ៍។ អ្នកតំណាងមកពីសភាវៀតណាម បាននិយាយថា ការតាក់តែងច្បាប់នេះឡើង ពិតជាមានសារៈសំខាន់ណាស់ សំរាប់ដែនសមុទ្រប្រទេសវៀតណាម នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នែកងារសារពត៌មាន AFP ។
ទន្ទឹមនឹងនេះដែរ ភាពតានតឹងពីបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង នៅតែចោទជាបញ្ហានាពេលថ្មីៗនេះ រវាងប្រទេសចិននិងប្រទេសហ្វីលីពីនផងដែរ ។ គួរបញ្ជាក់ផងដែរថា តំបន់មានជម្លោះសមុទ្រចិនភាគខាងត្បូងនេះ មានប្រទេសជាច្រើន ដូចជា ៖ តៃវ៉ាន់ វៀតណាម ព្រុយនេ ម៉ាឡេស៊ី និង ប្រទេសហ្វីលីពីន ដែលប្រទេសទាំងនេះ បានអះអាងថា តំបន់មានជម្លោះនោះ គឺស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ខ្លួន៕
ដោយ ៖ មង្គលប្រភព ៖ yahoo