ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា សហរដ្ឋអាមេរិកបានរំលឹកខួប ១១ ឆ្នាំនៃការវាយប្រហារដោយយន្តហោះអត្តឃាតភេរវកម្ម ទៅលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូវយ៉ក កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលមកទល់នឹងថ្ងៃនេះ វាមានរយៈពេល ១១ ឆ្នាំ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្តល់ខ្លឹមសារសង្ខេបថា អាមេរិកកំពុងចាត់វិធានការយ៉ាងហ្មត់ចត់ នៅក្នុងការចូលរួមខួបនៃការវាយប្រហារដោយអំពើភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ក៏ដូចជា គោលការណ៍សន្តិសុខជាតិដ៏សំខាន់របស់យើង គឺការត្រៀមខ្លួន នឹងស្ថានភាពសន្តិសុខរបស់យើងប្រឆាំងនឹងអំពើភេរវកម្ម និងការរំលឹកខួប ១១ ឆ្នាំនៃថ្ងៃវាយប្រហារដោយយន្តហោះអត្តឃាតរបស់ភេរវជន ថ្ងៃទី ១១ កញ្ញា ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន ជំនួយការប្រធានាធិបតីទទួលបន្ទុកសន្តិសុខ ក្នុងប្រទេសនិង ប្រឆាំងភេរវកម្ម លោក John Brenan បានបើកកិច្ចប្រជុំជាច្រើនលើក ដើម្បីចាត់វិធានការសន្តិសុខនៅនឹងកន្លែង និង នៅទីកន្លែងណាដែលមានពលរដ្ឋអាមេរិកឱ្យបានល្អប្រសើរ ។ គួររំលឹកថា កាលពីថ្ងៃទី ១១ កញ្ញា ២០០១ ពួកសកម្មប្រយុទ្ធភេរវករ ដែលពាក់ព័ន្ធនឹង ពួកជ្រុលនិយមអ៊ិស្លាមអាលកៃដា បានធ្វើការវាយប្រហារ ដោយន្តហោះចំនួន ៤ គ្រឿងមកលើសហរដ្ឋអាមេរិក។
ក្នុងនោះយន្តហោះ ២ បានហោះបុកមកលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ។ យន្តហោះទី ៣ បានបុកមកលើមន្ទីរបញ្ជកោណនៅទីក្រុង វ៉ាស៊ីនតោន ចំណែកយន្តហោះទី ៤ បានធ្លាក់កណ្តាលវាល នៅរដ្ឋភេនស៊ីលវេននៀ ។ នៅក្នុងការវាយប្រហារនោះ បណ្តាលអោយមនុស្សជិត ៣.០០០នាក់ ស្លាប់រួម ទាំងមន្ត្រីប៉ូលិស និង អ្នកពន្លត់អគ្គិភ័យ ជាង ៤០០ នាក់ផងដែរ ៕
ដោយ ៖ រិទ្ធីប្រភព ៖ Dailymail