ភ្នំពេញៈ បន្ទាប់ពីផលិតកម្ម ហង្សមាស បានចេញលក់អាល់ប៊ុមថ្មី ខារ៉ាអូខេ VCD Vol ១៨៤ របស់ខ្លួននៅលើទីផ្សាររួច មកមហាជនទូទៅ និងស្រទាប់យុវវ័យ បានចាប់អារម្មណ៍ខ្លាំង ចំពោះបទចម្រៀងមួយ ដែលមានចំណងជើងថា «សង្សារគ្រាន់តែជាអ្នកដទៃ» ជាសំនៀងបកស្រាយពី សំណាក់តារាស្រីល្បី ខាងពូកែឈ្លោះគ្នាក្នុង បណ្ដាញហ្វេសប៊ុក នាង ពេជ្រ សោភា ។
មូលហេតុដែលធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍ទៅលើ បទចម្រៀងនេះ ដោយសារតែគេមើល ឃើញថា បទចម្រៀងមួយបទនេះ ច្រៀងបានពីរោះ និងជាពិសេសនោះ មានខ្លឹមសារអប់រំ យ៉ាងច្រើនទៅដល់ មហាជន ជាពិសេសស្រទាប់ យុវវ័យបច្ចុប្បន្ន កុំឲ្យភ្លើតភ្លើននឹងស្នេហាភ្លេចការសិក្សារ និងអ្នកមានគុណ ត្រូវចេះគិតគូពីអនាគត ដោយបានសង្កត់ធ្ងន់ថា សង្សារគឺគ្រាន់តែជាអ្នកដទៃ ជាមនុស្សមិនទាន់អាចទុកចិត្ត ឬត្រូវគិតគូរហូតភ្លេចបាយភ្លេចទឹក ភ្លេចគិតពីខ្លួនឯង និងគ្រួសារនោះទេ។
ដោយសារការបានឮ និងបានឃើញនូវខារ៉ាអូខេ បទចម្រៀងនេះរួចមកត្រូវបានអ្នកតាមដានសង្គមសិល្បៈ ក៏ដូចជាមហាជនទូទៅ មានការសម្តែងនូវការពេញចិត្ត ចំពោះខារ៉ាអូខេបទចម្រៀង នេះយ៉ាងខ្លាំង ។ បើយើងសង្កេតមើលទៅ លើអត្ថន័យនៅក្នុងបទចម្រៀង «សង្សារគ្រាន់តែជាអ្នកដទៃ» នេះវិញ យើងមើលឃើញថា នៅក្នុងបទចម្រៀងនេះ គឺជាសារមួយដើម្បីក្រើនរំឭកទៅដល់ស្រទាប់ យុវវ័យបច្ចុប្បន្ន ដែលមានមួយចំនួន តូចមិនដែលគិតពីខ្លួនឯង និងក្រុមគ្រួសារនោះទេ គឺគេគិតតែការសប្បាយ ជាមួយសង្សារ ដោយមិនគិតម្តាយឪពុក និងក្រុមគ្រួសារដែលបាន ថែរក្សាយើងតាំងពីតូច ។
ជាពិសេសនៅក្នុង បទចម្រៀងនេះផងដែរ គឺគេចង់សំដៅទៅដល់ ស្រទាប់យុវវ័យទាំងអស់ កុំឲ្យធ្វើបាបខ្លួនឯង និងក្រុមគ្រួសារ ដើម្បីតែសង្សារ ដែលយើងស្រឡាញ់ ព្រោះសង្សារគ្រាន់តែជា អ្នកដទៃតែប៉ុណ្ណោះ។ តែបើយើងយកពេលវេលា ដ៏អត់ប្រយោជន៍នេះ មកខិតខំរៀនសូត្រ និងជួយក្រុមគ្រួសារវិញនោះ ខ្លួនយើង គឺពិតជាបានផលមកវិញ ល្អសម្រាប់ខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារផងដែរ។
ដូច្នេះបទចម្រៀងមួយនេះ គឺពិតជាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ដើម្បីក្រើនរំឭកទៅដល់ស្រទាប់ យុវវ័យបច្ចុប្បន្ន ដើម្បីឲ្យចេះអភិវឌ្ឍខ្លួន មិនគិតអ្វីដែលមិនបាន ផលប្រយោជន៍មកដល់ខ្លួន និងធ្វើឲ្យក្រុមគ្រួសារពិបាក ដោយសារយើងនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល