ជំនួសឱ្យការហៅឈ្មោះស្មាតហ្វូនកំណែតូច របស់ LG G3 ថាជា G3 Mini ដែល LG ធ្លាប់បានធ្វើឡើងពីមុនមក ពេលនេះ G3 Mini ត្រូវបានគេហៅថា G3 Beat ។


G3 Beat មិនស្ថិតនៅក្នុងលំដាប់ស្មាតហ្វូនកំពូលៗនោះទេ ប៉ុន្ដែ វាត្រូវបាន LG ចាត់ជាទូរស័ព្ទឆ្លាតវៃ ប្រភេទមធ្យម។ G3 Beat មានអេក្រង់ 5 inch HD មានរូបរាងតូច និងមិនបានល្អប៉ុន្មាន ធៀបនឹងកំណែដើម LG G3 របស់វា ដែលមានអេក្រង់ 5,5 inch រីសូលូសឹន ប្រភេទ 2K យ៉ាងត្រជាក់ភ្នែក។


ប៉ុន្ដែ រចនាបទនៃរូបរាង ដែលមានគែមដ៏ស្ដើង នៅលើស្មាតហ្វូនទាំងពីរម៉ូដែលនេះ មានភាពប្រហាក់ប្រហែលនឹងគ្នា។ អេក្រង់របស់ LG G3 Beat លាតសន្ធឹងលើផ្ទៃក្រឡា ៧៤,១ភាគរយនៃផ្ទៃខាងមុខ ជួយឱ្យទូរស័ព្ទនេះ មើលទៅដូចតូច បើទោះអេក្រង់ ឡើងដល់ 5 inch ។


នៅខាងក្នុង ក្រុមហ៊ុន LG បំពាក់ឱ្យ G3 Beat នូវប្រូសេសឺរ Snapdragon 400 4-core កម្រិត 1,2 GHz, GPU Adreno 305 និង RAM 1 GB រួមនឹងអង្គចងចាំក្នុង 8 GB និងមានរន្ធសម្រាប់អង្គចងចាំខាងក្រៅ។ រីឯប្រព័ន្ធកាមេរ៉ារបស់ G3 Beat ក៏ត្រូវបន្ទាបចុះមកត្រឹម 8 megapixel និង 1,1 megapixel ប៉ុន្ដែ កាមេរ៉ានេះ ក៏នៅតែត្រូវបានបំពាក់សេនសឺរឡាស៊ែរ សម្រាប់មុខងារចាប់រូបភាព autofocus ល្បឿនលឿន។


LG G3 Beat ក៏មានគ្រាប់ចុចនៅផ្នែកខាងខ្នង ដែលមានភាពប្លែកភ្នែក។ ម៉ាស៊ីននេះ មានតំណភ្ជាប់ Bluetooth 4.0, Wi-Fi ស្តង់ដា b/g/n រួមនឹង NFC និងប្រព័ន្ធ 4G LTE ។ ស្មាតហ្វូន LG G3 Beat ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat រួមនឹង ថ្មដែលមានថាមពល 2.540 mAh ។


LG G3 Beat មានតម្លៃប្រហែល ៤០០ដុល្លារអាមេរិក ខណៈដែលកំពូលស្មាតហ្វូន LG G3 មានតម្លៃប្រហែល ៦៤០ ដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gadgets.ndtv/tech