ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមបះបោរប្រឆាំងរដ្ឋាភិបាល បន្លំស្ថិតក្នុងឈុតសម្លៀកបំពាក់កងកម្លាំងនគរបាលជាតិ បានបើកការវាយប្រហារមកលើអាគាររដ្ឋាភិបាលមួយកន្លែង នាភាគនិរតីប្រទេស ខេត្ត Farah ក្នុងរយៈពេលត្រឹមតែ ៩ ម៉ោង បានសម្លាប់ដល់ទៅ ៤៤ នាក់ ខណៈជាង ១០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នេះបើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស CNN ។

លើសពីនេះ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Mohammad Akram Ekhpelwak បានបញ្ជាក់អោយដឹងថា ក្នុងចំណោមអ្នករងគ្រោះដល់ថ្នាក់បាត់បង់ជីវិតទាំង ៤៤ នាក់នោះ ក្នុងនោះ ៣៤ នាក់ ជា ប្រជាពលរដ្ឋ ១០ នាក់ផ្សេងទៀត ជា កងកម្លាំងរដ្ឋាភិបាល ហើយបើនិយាយពីក្រុមបះបោរវិញ ៩ នាក់ ក៏ត្រូវបានស្លាប់បាត់បង់ជីវិតផងដែរ។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារមកលើអាគាររដ្ឋាភិបាលលើកនេះ មានរយៈពេលដល់ទៅ៩ ម៉ោង បន្ទាប់ពីក្រុមឧទ្ទាមបះបោរ បានបើកការវាយប្រហាររបស់ខ្លួនភ្លាមៗ ក្រោយពីមានការបំផ្ទុះរថយន្ត នៅឯកន្លែងកើតហេតុ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN