ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស ស្កាយដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា មានស្រ្តីម្នាក់បានផ្តល់កំណើតដល់កូនរបស់ខ្លួន នៅលើអាកាស ពោលគឺ នៅលើឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ដែលមានកំពស់ពីផ្ទៃដីដល់ទៅជាង ៣០០ ម៉ែត្រឯណោះ។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍មួយនេះ បានកើតឡើងនៅឯភាគខាងត្បូងនៃប្រទេសស្កុតលែន លើកោះ Shetland island បន្ទាប់ពីស្រ្តីម្នាក់បានឈឺពោះកើតកូន ភ្លាមៗនោះ ស្វាមីរបស់អ្នកស្រីក៏បានទូរស័ព្ទ ហៅក្រុមជូយសង្គ្រោះបន្ទាន់ ដើម្បីបញ្ជូនភរិយារបស់ខ្លួនទៅកាន់មន្ទីរពេទ្យ។

អ្វីដែលនឹកស្មានមិនដល់នោះគឺថា នៅតាមផ្លូវអាកាស អំឡុងពេលដែលដឹកស្រ្តីរូបនោះទៅកាន់មន្ទីរពេទ្យ គេក៏បានផ្តល់កំណើតដល់កូនប្រុសតូចរបស់ខ្លួនតែម្តង ស្របពេលដែលនៅសល់តែរយៈពេលប្រមាណជាង១០នាទីទៀតតែប៉ុណ្ណោះ ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់នឹងទៅដល់មន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ បើយោងតាមសម្តីស្វាមី គឺលោក Wigfull វ័យ៤០ឆ្នាំ បានបញ្ជាក់អោយដឹងថា កូនប្រុសតូចរូបនេះ ត្រូវបានចាប់កំណើតនៅលើអាកាស កំពស់ប្រមាណជាង ៣០០ម៉ែត្រ វេលាម៉ោង ៦ និង ៣០ នាទីព្រឹក បន្ទាប់ពីម្តាយរបស់គេ ឈឺពោះខ្លាំងពេក ហើយខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានដឹងថា ម្តាយកូនទាំងពីរនាក់ សុខសប្បាយជាធម្មតា៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ