ខោកីឡានេះត្រូវបានផលិតឡើងអំពីសរសៃសូត្រដ៏ល្អ និងមានភ្ជាប់កណ្ដឹងប្រកាសអាសន្នដែលមានសម្លេងធំ មានប្រសិទ្ធភាពការពារស្ត្រី នៅចំពោះហានិភ័យនៃការវាយប្រហារផ្លូវភេទនៅពេលកំពុងរត់ហាត់ប្រាណ។

អ្នកជំនួញជនជាតិអាល្លឺម៉ង់ Sandra Seilz ទើបតែបានរកឃើញប្រភេទខោកីឡាមួយដែលមានបំពាក់សោសុវត្ថិភាព និងកណ្ដឹងប្រកាសអាសន្ន ជួយការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ នៅពេលមានគេចាប់រំលោភ នេះបើតាមទំព័រ Express ។
Sandra Seilz បានច្នៃខោនេះឡើង បន្ទាប់ពីត្រូវបានបុរសស្រវឹងស្រា៣នាក់ ចាប់រំលោភ នៅពេលកំពុងរត់ហាត់ប្រាណក្បែរព្រៃ។ នៅពេលស្លៀកខោនេះ កន្លែងសំខាន់ៗនៅលើរាងកាយផ្នែកខាងក្រោមរបស់អ្នកប្រើប្រាស់ ត្រូវបានបិទបាំងដោយសំណាញ់ការពារ ដែលធ្វើអំពីសរសៃសូត្របច្ចេកវិទ្យាខ្ពស់ មានប្រសិទ្ធភាពទប់ទល់នឹងការហែក ឬកាត់ តភ្ជាប់ជាមួយកណ្ដឹងដែលមានកម្លាំងសម្លេង ១៣០ decibel អាចធ្វើឱ្យជនដៃដល់ភ័យខ្លាច។ ខោនេះត្រូវបានផលិតឡើងអំពីវត្ថុធាតុដែលដូចទៅនឹងក្រណាត់ដែលគេប្រើដើម្បីផលិតអាវក្រោះ។
Sandra Seilz សង្កត់ធ្ងន់ថា អ្នកប្រើប្រាស់មិនបាច់ព្រួយបារម្ភនៅពេលមានអាសន្នកើតឡើង ព្រោះនៅលើរថយន្តសង្គ្រោះបន្ទាន់ តែងតែមានឧបករណ៍ដែលអាចកាត់វត្ថុធាតុពិសេសនៅលើខោនេះបាន។
ខោដំបូងចំនួន ១៥០ ដែលផលិតដោយក្រុមហ៊ុនរបស់ Sandra Seilz ត្រូវបានលក់ដាច់ភ្លាមៗបន្ទាប់ពីចេញលក់។ Sandra Seilz ឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន ទទួលបានការបញ្ជាទិញពីជប៉ុន ហ្វាំងឡង់ ស៊ុយអែត អ៊ីតាលី និងអាមេរិក។
Sandra Seilz សង្ឃឹមថា ខោនេះនឹងជួយបំបាត់ភាពភ័យខ្លាចចំពោះអំពើរំលោភផ្លូវភេទ និងមានអារម្មណ៍ថា មានសុវត្ថិភាពនៅពេលរត់ហាត់ប្រាណតែឯង៕
ប្រែសម្រួល ៖ តារាប្រភព ៖ Express