រហូតដល់ខែកញ្ញា ទើប Apple ឧទ្ទេសនាមស្មាតហ្វូនថ្មី ប៉ុន្តែ រូបភាពស្ដីអំពី iPhone ថ្មី នៅតែបន្តបង្ហាញខ្លួនលើអ៊ីនធឺរណែត។

ក្នុងរូបភាព គឺជា គំរូរបស់ iPhone 7 និង iPhone 7 Pro ។ ព័ត៌មានចចាមអារ៉ាមមុននេះ បានអះអាងថា ឆ្នាំនេះ Apple នឹងបញ្ចេញស្មាតហ្វូនរបស់ខ្លួនចំនួនបីកំណែ រួមមាន iPhone 7 រួមនិង iPhone 7 Plus និង iPhone 7 Pro។

ប៉ុន្តែ មកដល់ពេលនេះ មានព័ត៌មានខ្លះចុះផ្សាយថា Apple នឹងបញ្ចេញស្មាតហ្វូនថ្មី ត្រឹមតែពីរម៉ូដែលប៉ុណ្ណោះ គឺ iPhone 7 អេក្រង់ 4,7 inch ជំនួសឱ្យ iPhone 6s និងម៉ូដែល iPhone 7 Plus (iPhone 7 Pro) មានអេក្រង់ 5,5 inch។

អំពីរចនារូបរាងខាងមុខ គឺមិនមានអ្វីផ្លាស់ប្ដូរ ប៉ុន្តែ iPhone 7 Plus ឬ iPhone 7 Pro មានទំហំធំជាង និងមានកាមេរ៉ាភ្លោះ ហើយផ្នែកខាងក្រោយមានបន្ថែមចំនុចបីរសម្រាប់តភ្ជាប់ Smart Connector ដែលវាត្រូវបានគេចាត់ទុកថា ដើម្បីតភ្ជាប់ជាមួយបណ្ដាឧបករណ៍ផ្សេងៗ ដូចជាក្ដារចុចគ្មានខ្សែជាដើម។ កាមេរ៉ានៅលើ iPhone 7 Pro ជាប្រភេទកាមេរ៉ាភ្លោះ។ នៅលើទីផ្សារ បណ្ដាឧបករណ៍បន្ថែមសម្រាប់ iPhone 7 Plus ឬ iPhone 7 Pro ក៏មានកន្លែងសម្រាប់កាមេរ៉ាភ្លោះនេះដែរ។

ម៉ូដែល iPhone 7 និង iPhone 7 Pro សុទ្ធតែបានបំបាត់ចោលនូវរន្ធដោតកាស 3,5 mm ជំនួសមកវិញ វាបន្ថែមឧបករណ៍សម្លេងមួយទៀត ដែលបង្កើតបានជាស្ពិកឃើរភ្លោះ។ iPhone 7 ជំនាន់ថ្មីនេះ ក៏នឹងបំពាក់សមត្ថភាពទប់ទល់នឹងជម្រាបទឹកផងដែរ។

@evleaks ដែលជាប្រភពបញ្ចេញព័ត៌មានដែលគួរទុកចិត្ត បានចេញផ្សាយថា Apple នឹងឧទ្ទេសនាម iPhone 7 នៅពាក់កណ្ដាលខែកញ្ញា ហើយអាចចាប់ផ្ដើមដាក់លក់ ចាប់ពីថ្ងៃទី ១៨កញ្ញា។ ប៉ុន្តែ ផលិតផលថ្មីនេះ អាចនឹងមិនមានឈ្មោះថា iPhone 7 នោះទេ តែវានឹងត្រូវបានគេហៅថា iPhone 2016 ឬ iPhone 6SE។
ប្រែសម្រួល ៖ បុត្រា